នាយករដ្ឋមន្ត្រីថៃ ព្រួយបារម្ភខ្លាំងអំពីកំណើនសេដ្ឋកិច្ចទាបជាង ការរំពឹងទុកនៅត្រីមាសទី៣

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុក នៅក្នុងត្រីមាសទី៣ ដោយសេដ្ឋកិច្ចរងផលប៉ះពាល់ ដោយសារការធ្លាក់ចុះការនាំចេញ និងការចំណាយរបស់រដ្ឋាភិបាល។

នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ដោយដកស្រង់ទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) របស់ប្រទេសថៃ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ១.៥ភាគរយនៅក្នុងត្រីមាសគិតចាប់ពីខែកក្កដាដល់ខែកញ្ញា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលទាបជាងការព្យាករ ២,៤ភាគរយដោយក្រុមសេដ្ឋវិទូ នៅក្នុងការស្ទង់មតិរបស់រ៉យទ័រ។
លោក សេដ្ឋា មានប្រសាសន៍ថា «យើងភ្ញាក់ផ្អើលចំពោះតួលេខនេះ (ប៉ុន្តែ) នឹងបន្តធ្វើការងារឱ្យបានខ្លាំង»។ លោកបានបន្ថែមថា លោករំពឹងទុកថានឹងមានកំណើនយ៉ាងហោចណាស់ ២ភាគរយ។
ក្រុមប្រឹក្សា NESDC ដែលជាទីភ្នាក់ងារផែនការរបស់រដ្ឋាភិបាលបានឱ្យដឹងទៀតថា កំណើនប្រចាំត្រីមាសនេះ ជាកំណើនទាបបំផុត ក្នុងរយៈពេលបីត្រីមាសចុងក្រោយនេះ ខណៈដែលនៅត្រីមាសទី២ កើនឡើង ១.៨ភាគរយ និង ២.៦ភាគរយនៅក្នុងអំឡុងត្រីមាសទី១ ស្របពេលដែលការព្យាករថានឹងមានកំណើនកាន់តែខ្លាំងនៅឆ្នាំក្រោយ។
ការប្រើប្រាស់ឯកជនដ៏រឹងមាំ និងការស្ទុះងើបឡើងវិញ នៃវិស័យទេសចរណ៍បានជួយទប់ស្កាត់ មិនឱ្យមានការខកចិត្តជាងនេះ ចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេស ដែលមានសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ។
លោកនាយករដ្ឋមន្ត្រីបានថ្លែង ដោយមិនបានបញ្ជាក់លម្អិតថា រដ្ឋាភិបាលថៃកំពុងរៀបចំវិធានការបន្ថែមទៀត រួមទាំងកញ្ចប់ថវិកា ដើម្បីជំរុញវិស័យទេសចរណ៍ផងដែរ៕