(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញប្រកាសដាក់ឲ្យអនុវត្តកម្មវិធីនយោបាយអាទិភាព ពាក់ព័ន្ធវិស័យកសិកម្ម បានលើកឡើងថា មិនមែនជារឿងចៃដន្យនោះទេ ដែលបរទេសទិញអង្ករពីប្រទេសកម្ពុជានោះ ពោលគឺកើតចេញពីខិតខំប្រឹងប្រែងស្វះស្វែងរកទីផ្សាររបស់រាជរដ្ឋាភិបាល ខណៈមានប្រទេសជាច្រើនកំពុងប្រកួតប្រជែងក្នុងការនាំចេញ។
ក្នុងពិធីនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្រាប់ទីផ្សារនៅបរទេស រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង ស្ថាប័នដែលជាសេនាធិការបានខិតខំប្រឹងប្រែងធ្វើការចរចាតាមគ្រប់លទ្ធភាព ក្នុងនោះមានទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ ដើម្បីមានឱកាសបើកច្រកនាំអង្ករចេញទៅក្រៅប្រទេស ដែលជាលទ្ធផលគួរឲ្យកត់សម្គាល់ រយៈពេល១០ខែនេះ កម្ពុជានាំចេញអង្ករបាន៦លានតោន។
សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «ពិតណាស់ទីផ្សារនៅខាងក្រៅយើងខិតខំចរចានៅក្នុងការបើកតាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ ប៉ុន្ដែកុំភ្លេចថា នៅលើពិភពលោកនេះច្រើនប្រទេសណាស់ដែលប្រកួតប្រជែងដូចគ្នា អ៊ីចឹងវាមិនស្វ័យប្រវត្តិទេ ហើយវាក៏មិនមែនជាកត្តាចៃដន្យដែលយើងអាចមានអតិរេក នៃផលិតផលកសិកម្ម ហើយអាចនាំចេញ៦លានតោន នៅក្នុងរយៈពេល១០ខែ។ មិនមែននៅស្ងៀមៗ ប្រទេសទាំងអស់ទិញផលិតផលពីកម្ពុជានោះទេ»។
បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ដើម្បីធានាដល់ការប្រកួតប្រជែងក្រសួងកសិកម្ម បានដាក់ចេញនូវកម្មវិធីនយោបាយចំនួន៣ រួមមាន៖ ទី១៖ ការលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ រក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញ, ទី២៖ ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំសង្កាត់ និងទី៣៖ ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ យន្ដការទាំងបីនេះ គឺធ្វើយ៉ាងណាបង្កើននូវប្រសិទ្ធភាព និងដើម្បីធានានូវភាពប្រកួតប្រជែងរបស់វិស័យកសិកម្មកម្ពុជា។
សម្ដេចក៏បានគូសបញ្ជាក់ថា កម្មវិធីគោលនយោបាយអាទិភាពទី៥ ទី៦របស់រាជរដ្ឋាភិបាល ដែលបានប្រកាសនៅពេលនេះ គឺសំដៅពង្រឹងបន្ថែម និងសម្រួចបន្ថែមទៅលើការជួយទាញនូវសក្ដានុពលកសិកម្ម ពោលមិនត្រឹមតែមិនដើរចេញ ឬដើរចោលកសិកម្មនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលថែមទាំងដាក់គោលនយោបាយដើម្បីពង្រឹង និងទាញឲ្យបានសក្ដានុពលកាន់ខ្លាំង ធ្វើយ៉ាងណាឲ្យបានផលច្រើនទៅដល់កសិករ។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះ អង្ករពូជស្រូវសែនក្រអូបកម្ពុជា ដែលបានឈ្នះពានរង្វាន់មាស ក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករ សម្រាប់អង្ករសគ្រាប់វែងចិនអាស៊ាន លើកទី១ ដែលរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវ នៃបណ្ឌិត្យសភាវិទ្យាសាស្ដ្រកសិកម្ម ខេត្តគ័ងស៊ី ប្រទេសចិន កាលពីថ្ងៃតី២៨ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ។
សូមជម្រាបថា ក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០៣ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥២៩,៩២៤តោន ដោយក្រុមហ៊ុននាំចេញអង្ករ ចំនួន៥៧ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៩ដែលក្នុងនោះ៖
* ប្រទេសចិន និងហុងកុង បានចំនួន ១៧៧២៨៥ តោន ដែលគិតជាទឹកប្រាក់បានចំនួន១១៥.៣០លាន ដុល្លារសហរដ្ឋអាមេរិក
* ប្រទេសនៅទ្វីបអឺរ៉ុបចំនួន២៦ប្រទេស បានចំនួន ២១៧ ០៦៨ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៥៥.៥៨ លានដុល្លារសហរដ្ឋអាមេរិក
* និងនាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៦ ប្រទេស បានបរិមាណចំនួន ៦២ ៤៩២ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៤២.៣២ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា -ល-។
ចំនួន២៥ប្រទេស បានចំនួន៧៣ ០៧៩ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៦៤.៣០ លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះប្រភេទអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨១.៧៩% អង្ករស ចំនួនជិត ១៣.៣០% អង្ករចំហ៊ុយចំនួន ៣.២៤% អង្ករសរីរាង្គចំនួន ១.៦៥% និង អង្ករសគ្រាប់ខ្លីចំនួន ០.០១%។
សម្រាប់ខែតុលា ឆ្នាំ២០២៣ កម្ពុជាបានធ្វើការនាំចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី ជាលើកដំបូងបានចំនួន ៦ ៥០០តោន ដែលគិតជាទឹកប្រាក់បានចំនួន ៤.២២លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ចំនួន៣ ៥០០តោន បានដឹកទៅដល់កំពង់ផែប្រទេសឥណ្ឌូនេស៊ីរួចហើយ។
សហព័ន្ធស្រូវអង្ករបញ្ជាល់ទៀតថា នៅរយៈពេល១០ខែមកនេះ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ៣០៨ ៦៤៨ តោន ដែលគិតជាទឹកប្រាក់បានប្រមាណជា ៨៦២.៤៦ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះជាង ៦០% បាននាំចេញដោយបានឆ្លងកាត់ ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕