(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកានេះ បានព្រមានកូរ៉េខាងជើង លុបចោលជាបន្ទាន់នូវគម្រោងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ ជាមួយការប្ដេជ្ញាចាត់វិធានាការចាំបាច់នានា ប្រសិនបើគម្រោងនេះនៅតែដំណើរការទៅមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
កូរ៉េខាងជើងត្រូវបានកូរ៉េខាងត្បូងអះអាងថាកំពុងត្រៀមលក្ខណៈបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ជាលើកទី៣ បន្ទាប់ពីបរាជ័យក្នុងការបាញ់បង្ហោះ ២លើកកន្លងមកនេះ។ កាលពីដើមខែវិច្ឆិកា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបាននិយាយថាកូរ៉េខាងជើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការត្រៀមលក្ខណៈបាញ់បង្ហោះផ្កាយរណបជាលើកទី៣ ខណៈរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik បានសន្និដ្ឋានកាលពីថ្ងៃអាទិត្យ ម្សិលមិញថាការបាញ់បង្ហោះអាចនឹងធ្វើឡើងក្នុងសប្ដាហ៍នេះ។
ជាសារព្រមានទៅកាន់កូរ៉េខាងជើង លោក Kang Ho-pil ជានាយកផ្នែកប្រតិបត្តិការនៃនាយសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង បានគូសបញ្ជាក់ដូច្នេះ ថា «យើងព្រមានកូរ៉េខាងជើងឱ្យលុបចោលជាបន្ទាន់… នូវការត្រៀមលក្ខណៈបច្ចុប្បន្នសម្រាប់ការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធា។ តែប្រសិនបើ កូរ៉េខាងជើងនៅតែដំណើរការគម្រោងនេះដោយមិនខ្វល់ពីការព្រមានរបស់យើង នោះយោធារបស់យើងចាត់វិធានការចាំបាច់ដើម្បី ធានាការពារអាយុជីវិត និងសុវត្ថិភាពប្រជាជន»៕