កូរ៉េខាងជើង ថ្កោលទោសគម្រោងលក់មីស៊ីលរបស់សហរដ្ឋអាមេរិក ទៅឱ្យជប៉ុន និងកូរ៉េខាងត្បូង

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកានេះបានថ្កោលទោសគម្រោងលក់មីស៊ីលរបស់សហរដ្ឋអាមេរិក ទៅឱ្យជប៉ុន និងកូរ៉េខាងត្បូង ដោយចាត់ទុកថានេះជាទង្វើដ៏គ្រោះថ្នាក់ដែលនឹងបង្កភាពតានតឹងក្នុងតំបន់ និងនាំឱ្យមានការរត់ប្រណាំងសព្វាវុធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយថាទីក្រុងព្យុងយ៉ាងនឹងពង្រឹង វិធានការនានា ដើម្បីបង្កើតជាការកំញើញទប់ស្កាត់ និងឆ្លើយតបទៅនឹងអស្ថិរភាពនៅក្នុងតំបន់ ដែលចោទថាបង្កឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក។
ប្រតិកម្មរបស់កូរ៉េខាងជើង កើតមានឡើង ក្រោយលេចឮដំណឹងថាជប៉ុនមានគម្រោងទិញមីស៊ីល Tomahawk ចំនួន៤០០គ្រាប់ពីសហរដ្ឋអាមេរិក ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពយោធាដ៏ធំបំផុតមួយរបស់ខ្លួនចាប់តាំងពីសង្រ្គាមលោកលើកទី២មក។ មន្ទីរបញ្ចកោណវិញក៏បានឱ្យដឹងកាលពី ថ្ងៃសុក្រសប្ដាហ៍មុនដែរថាក្រសួងការបរទេសអាមេរិកបានអនុម័តលើកិច្ចព្រមព្រៀងនេះហើយដែលមានទំហំទឹកប្រាក់ ២.៣៥ពាន់លានដុល្លារ។
បន្ថែមពីលើនេះ សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ក៏បានប្រកាសផងដែរពីការអនុម័តលើគម្រោងលក់មីស៊ីល Sidewinder និងមីស៊ីល Standard Missile 6 Block ទៅឱ្យកូរ៉េខាងត្បូង៕