សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការជ្រើសរើសមន្ត្រី ត្រូវឈរលើគោលការណ៍ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»


(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការជ្រើសរើសមន្ត្រីត្រូវឈរលើគោលការណ៍ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។
សម្តេចធិបតី ថ្លែងបែបនេះ ពេលអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធី​នយោបាយអាទិភាព ពាក់ព័ន្ធវិស័យកសិកម្ម នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា ដើម្បីធានាបាននូវភាពជោគជ័យ នៅក្នុងការអនុវត្តគោលនយោបាយទី៥ និងទី៦ ដ៏សំខាន់ ក៏ដូចជាការអនុវត្តនូវចក្ខវិស័យកសិកម្មដ៏សំខាន់ សម្តេចបានដាក់អនុសាសន៍ជាក់លាក់មួយចំនួន ដូចជា ក្រុមការងារចម្រុះសម្របសម្រួលច្រវាក់ផលិតកម្ម ផលិតផលកម្មសិម្ម​ ដែលជាយន្តការអន្តរក្រសួង ក្នុងការរក្សាលំនឹងថ្លៃកសិផល ត្រូវបំពេញការងារក្នុងស្មារតីបុរេសកម្ម ក្នុងការតាមដាននិន្នាការថ្លៃកសិផលសំខាន់ៗជាប្រចាំ វាយតម្លៃផលប៉ះពាល់មកលើកសិករ និងអ្នកប្រើប្រាស់ឲ្យបានគ្រប់ជ្រុងជ្រោយ និងស្នើសុំគោលការណ៍ ដើម្បីអន្តរាគមន៍បន្ទាន់ក្នុងករណីចាំបាច់។ ទន្ទឹមនេះ ក្រុមការងារត្រូវពន្លឿនរៀបចំយន្តការ និងនីតិវិធីរួម ដើម្បីអនុវត្តការងារអន្តរាគមន៍ ​ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ ដើម្បីគាំទ្រដល់កសិករ​ និងវិស័យកសិកម្ម។

ចំពោះជម្រើសមន្ត្រីកសិកម្មឃុំសង្កាត់ ក្រសួងកសិកម្ម ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច ត្រូវសហការគ្នារៀបចំការប្រកួតប្រជែង ដោយធានាបានទាំងតម្លាភាព ទាំងសមត្ថភាព និងគុណភាព។ ការជ្រើសរើស ត្រូវបើកទូលាយដល់បេក្ខជន ដែលមានចំណេះដឹង និងជំនាញវិជ្ជាជីវៈកសិកម្មសមស្រប មានសមត្ថភាពបំពេញការងារ នៅមូលដ្ឋានបានល្អប្រសើរ។ ក្រសួងកសិកម្ម ត្រូវគិតគូរដល់ការស្នាក់នៅ និងជីវភាពរបស់មន្ត្រី ឲ្យបានសមរម្យ ដោយមានការចូលរួមជួយគាំទ្រ និងទំនុកបម្រុង ពីរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសអាជ្ញាធរឃុំសង្កាត់ ដែលមន្ត្រីទៅបម្រើការ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ដល់ម៉ោងនេះ យើងគ្រោងរើស ១៦០០នាក់ តាមខ្ញុំដឹង ដាក់ពាក្យជិត ១ម៉ឺននាក់ហើយ។ លក្ខខណ្ឌខ្ញុំឲ្យកែមួយចំនួន លក្ខខណ្ឌដំបូងថា ទាល់តែមានបរិញ្ញាបត្រ ខ្ញុំតឹងពេកហើយ បរិញ្ញាបត្រយើងចង់បាន ប៉ុន្តែត្រូវបើកឲ្យអ្នកមានបទពិសោធន៍ ជាពិសេសអ្នកធ្លាប់រស់នៅមូលដ្ឋាន ធ្វើការងារនោះយូរមកហើយ ឧទាហរណ៍គាត់ជាមន្ត្រី NGO ជាអ្នកស្ម័គ្រចិត្តធ្វើការនៅទីនោះ ជំនាញកសិកម្ម យើងបើកឲ្យគាត់។ អញ្ចឹងយើងបានការប្រកួតប្រជែងនេះ ហើយធ្វើម៉េច ឲ្យបានត្រឹមត្រូវ តម្លាភាព យើងធានាអ្នកមានសមត្ថភាពចេះជាប់។ ១ម៉ឺននាក់ យើងយក ២៥០នាក់ ច្បាស់ជាមានអ្នកធ្លាក់ហើយ តែបើជាប់ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។ នេះជាគោលការណ៍របស់យើង»

សូមជម្រាបថា នៅកម្ពុជា មានឃុំដែលមានសកម្មភាពកសិកម្មចំនួន១,៥៥០។ ក្នុងនោះឃុំ​ភាគ​ច្រើន ជាឃុំសម្បូរផលិតកម្មស្រូវ (១,០០០ឃុំ) ហើយមានគ្រួសារជាកសិករ​ប្រមាណ ២លានគ្រួសារ។ ដើម្បីឱ្យកសិករនៅគ្រប់ឃុំ-សង្កាត់ ទទួលបានសេវាកម្មកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន ១,៦០០នាក់នៅទូទាំងប្រទេស។
តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ពេលសម្តេចនៅជានាយករដ្ឋមន្ត្រីនោះ នៅដើមឆ្នាំ២០២៣ ក្រសួងបានសាកល្បងដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន១០នាក់ នៅ១០ឃុំ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ដើម្បីពន្លឿនសេវាកសិកម្មដល់កសិករ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង ដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន ២៥០នាក់នៅឆ្នាំ២០២៣ និងចំនួន ៨០០នាក់ នៅឆ្នាំ២០២៤ និង៥៥០នាក់ នៅឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏អំពាវនាវដល់យុវជនដែលប្រលងទៅធ្វើជាមន្ត្រីបច្ចេកទេសចុះជួយកសិករ ត្រូវធ្វើការងារដោយបេះដូង។ ជាមួយគ្នានេះ មន្ត្រីបច្ចេកទេសដែលជ្រើសរើសទៅជួយកសិករ ត្រូវរើសអ្នកដែលចុះជួយជាក់ស្តែង មិនមែនប្រលងយកតែក្របខណ្ឌ ប្រលងហើយទុកចោលនោះទេ។
គួរបញ្ជាក់ថា កម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ ដែលត្រូវបានដាក់ចេញ ដើម្បីជួយវិស័យកសិកម្ម រួមមាន៖
១៖ ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល
២៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារ​ក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស
៣៖ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋ- កិច្ច និង គ្រាមានគ្រោះអាសន្ន

៤៖ ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាព​ចូល​រួមក្នុង​សេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ
៥៖ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិត​កម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ

៦៖ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព​កសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។
កម្មវិធីនយោបាយអាទិភាពទាំង៦នេះ កម្មវិធីទី១ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជា​ផ្លូវការនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣, កម្មវិធីទី២ ដាក់ឱ្យអនុវត្តជាផ្លូវការនៅ​ថ្ងៃ​ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣, កម្មវិធីទី៤ ដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ហើយកម្មវិធីទី៥ និងទី៦ ដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃ​ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣៕