(ប៊ុយណូស៊ែ)៖ អ្នកនយោបាយស្ដាំនិយម លោក Javier Milei បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីថ្មីរបស់ប្រទេសអាហ្សង់ទីន នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ខណៈគូប្រជែងរបស់លោកក៏បានទទួលស្គាល់បរាជ័យផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
តាមលទ្ធផលបោះឆ្នោតរាប់បាន ៩៩.៤ភាគរយ លោក Javier Milei ទទួលបានការគាំទ្រ ៥៥.៧ភាគរយ ខណៈគូប្រជែងរបស់លោក គឺរដ្ឋមន្ត្រីសេដ្ឋកិច្ចអាហ្សង់ទីន លោក Sergio Massa ទទួលបានសំឡេងគាំទ្រ ៤៤.៣ភាគរយ។ នេះគឺជាគម្លាតជ័យជម្នះដ៏ធំមួយនៅក្នុង ការបោះឆ្នោតប្រធានាធិបតីអាហ្សង់ទីនចាប់តាំងពីប្រទេសមួយនេះត្រឡប់ទៅប្រកាន់យករបបប្រជាធិបតេយ្យក្នុងឆ្នាំ១៩៨៣។
នៅក្នុងសុន្ទរកថាមួយប្រកាសពីជ័យជម្នះ លោក Javier Milei ដែលត្រូវបានគេប្រដូចរូបលោកទៅនឹងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាការស្ថាបនាប្រទេសអាហ្សង់ទីនឡើងវិញបានចាប់ផ្ដើមហើយ ជាមួយការប្ដេជ្ញាធ្វើកំណែទម្រង់សេដ្ឋកិច្ច និងដោះស្រាយបញ្ហា អតិផរណា៕