សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមលេងកម្សាន្ត​ពិធីបុណ្យអុំទូក បណ្តែត ប្រទីប សំពះព្រះខែ និងអកអំបុក ឲ្យបានអ៊ូអរ


(ភ្នំពេញ)៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ចូលរួមលេងកម្សាន្ត​ ក្នុងព្រះ រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឲ្យបានអ៊ូអរ។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ជាឧត្តមភរិយា អញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាចំនួន១១អង្គ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូម អញ្ជើញព្រះពុទ្ធបរិស័ទ ក៏ដូចជាជនរួមជាតិទាំងអស់ ចូលរួមអបអរសាទរ និងសប្បាយរីករាយ ឲ្យ បានច្រើនកុះករ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក របស់យើង ទាំងនៅក្នុងរាជធានីភ្នំពេញ ទាំងនៅតាមបណ្ដាខេត្ដទាំងអស់ ដែលនឹងរៀបចំ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ កម្ពុជានឹងរៀបចំ ព្រះរាជ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក បន្ទាប់ពីខកខានប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩ និងការទទួលធ្វើជាម្ចាស់ផ្ទះ នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន។

សូមជម្រាបថា ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នឹងរៀបចំធ្វើឡើងរយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បាននិងកំពុងអនុវត្តការងារយ៉ាងសកម្ម ទៅលើ ការតុបតែង ដើម្បីធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញ កាន់តែមានសោភណ្ឌភាពស្រស់បំព្រង ជាមួយ នឹងការរៀបចំ កន្លែងកីឡាករអុំទូកស្នាក់នៅ ការរៀបចំបន្ទប់ទឹក និងបង្គន់អនាម័យជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ ត្រូវពង្រឹងលើការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់សកម្មភាពចលាចលក្នុង សង្គម ​ជាពិសេសនៅក្នុងអំឡុងពេល ដែលរដ្ឋបាលរាជធានីភ្នំពេញប្រារព្ធ ព្រះរាជពិធីនេះផងដែរ៕