(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រសហ្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានស្នើឱ្យព្រះរាជាណាចក្រអារាប៊ីសាអូឌីត ពង្រីកវិសាលភាព ទីផ្សារការងារជាមួយកម្ពុជា។ នេះ គឺជាការលើកឡើងរបស់ លោករដ្ឋមន្ត្រីក្នុងជំនួបផ្លូវការជាមួយនឹង លោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារាប៊ីសាអូឌីតនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងជំនួបប្រកបដោយភាពរីករាយ ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការពង្រីកទីផ្សារការងារពី វិស័យអតិពលកម្មទៅវិស័យដែលប្រើប្រាស់កម្លាំងជំនាញ នឹងមានភាពទាក់ទាញសម្រាប់ពលរដ្ឋ កម្ពុជាជាង។
ជាការឆ្លើយតប ឯកអគ្គរាជទូតអារាប៊ីសាអូឌីត បានទទួលយកសំណើររបស់ឯកឧត្តមរដ្ឋមន្ត្រី ហើយថានឹងបញ្ជូនសំណើរនេះទៅកាន់រដ្ឋាភិបាលរបស់ខ្លួនដើម្បីពិចារណា និងសម្រេច។
សូមបញ្ជាក់ថា ក្រៅពីបញ្ហាសំខាន់ខាងលើ ភាគីទាំងពីរ ក៏បានពិភាក្សាពីទំនាក់ទំនងរវាងប្រទេស ទាំងពីរដែលកាន់តែស្អិតរមួត និងរីកចម្រើនធំធាត់ចាំបន្តទៀត បន្ទាប់ពីព្រះរាជាណាចក្រទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នាលើការបញ្ជូនពលករបម្រើការងារតាមផ្ទះកាលពីឆ្នាំ២០១៦។
ក្នុងជំនួបពិភាក្សាប្រកបដោយភាពរីករាយ ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល អារាប៊ីសាអូឌីតដែលបានមើលថែរក្សាពលរដ្ឋកម្ពុជាដែលកំពុងបម្រើការងារនៅទឹកដីអារ៉ាប៊ីសាអូឌីតផងដែរ។ យ៉ាងណាក៏ដោយមុននឹងបញ្ចប់ភាគីទាំងពីរ បានប្តេជ្ញាជំរុញទំនាក់ទំនងប្រទេសទាំងពីរ លើវិស័យការងារឱ្យកាន់តែស្អិតរមួតបន្ថែមទៀតតាមរយៈទំនាក់ទំនងរវាងប្រជាជននិងប្រជាជន៕