កងទ័ពមួកខៀវចំនួន៩០នាក់ ធ្វើមាតុភូមិនិវត្តន៍ដល់កម្ពុជា ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ ក្រោមឆត្រ UN នៅម៉ាលី


(ភ្នំពេញ)៖ កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ៨២៨ សរុបចំនួន ៩០នាក់ បានធ្វើមាតុភូមិននិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយ សម្រេចបាននូវជោគជ័យ នៅក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហ ប្រជាជាតិ (UN) នៅសាធារណរដ្ឋម៉ាលី។

ពិធីទទួលស្វាគមន៍កងទ័ពទាំងពីរកងរបស់កម្ពុជា បានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សា សន្តិភាព ព្រមទាំងថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពជាច្រើនរូបទៀត នៅរាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ន នាច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ (VIP)។

កងកម្លាំងដែលមកដល់មាតុភូមិទាំងពីរកងនេះ ក្នុងនោះ ៦៧នាក់ ជាកងកម្លាំងវិស្វកម្មព្រលានយន្ត ហោះលេខ៧២៩ ដែលបានបំពេញបេសកកម្មនៅតំបន់គីដាល់ និងចំនួន ២៣នាក់ ជាកងកម្ទេច គ្រាប់មិនទាន់ផ្ទុះលេខ៨២៨ ដែលបានបំពេញបេសកកម្មនៅទីក្រុងហ្គាវ នៃសាធារណរដ្ឋម៉ាលី។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បាននាំការសាកសួរសុខទុក្ខរបស់សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, ប្រធានគណៈកម្មាធិការជាតិ រួមទាំងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះការវិលត្រលប់ប្រកបដោយសុខសុវត្ថិភាព ជាមួយ នឹងភាពជោគជ័យក្នុងការបំពេញភារកិច្ច នៅក្នុងប្រទេសដែលហួងហែងដោយសារតែភ្លើងសង្គ្រោម ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីលើកស្ទួយកិត្តិយសកម្ពុជា នៅលើឆាកអន្តរជាតិ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា កិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ច ការគោរព និងការចូលរួមបេសកកម្មនេះ គឺជាការរួមចំណែកជាមគ្គុទេសក៍សម្រាប់ជំនាន់ក្រោយ ដើម្បីសន្តិភាព ពិភពលោក។ កងកម្លាំងទាំង២កងខាងលើនេះបានចូលរួមអនុវត្តបំពេញភារកិច្ចប្រកបដោយផ្លែផ្កា ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ព្រមជាមួយនឹងលទ្ធផលគួរជាទីមោទនថ្មីៗបន្ថែមទៀត។ 

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្ថែមថា កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៨២៨ មិនត្រឹមតែជាកងយោធពលខេមរភូមិន្ទប៉ុណ្ណោះទេអ្នក ក៏ជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ លើសពីនោះអ្នកក៏ជានិមិត្តរូបនៃភាពក្លាហានក្នុង ការចូលរួមចំណែក បំពេញភារកិច្ចក្នុងប្រទេសដែលរងជម្លោះ និងអស្ថិរភាព។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានលើកឡើងថា ការធ្វើមាតុភូមិនិវត្តន៍នាពេលនេះ បង្ហាញពី ការខិតខំពុះពារជម្នះគ្រប់ឧបសគ្គទៅនឹងស្ថានការណ៍ជាក់ស្តែងរបស់វីរយុទ្ធជន និងយុទ្ធនារីរបស់ យើង ព្រមទាំងបានវិលត្រឡប់មកវិញប្រកបដោយកាយាមាំមួន រីឯក្រុមគ្រួសារក៏ពោរពេញដោយ ទឹកមុខញញឹមប្រឹមប្រិយ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា ពិធីទទួលដំណើរនាពេលនេះ គឺជាការទទួល បណ្តោះអាសន្ន ដ្បិតនឹងមានពិធីទទួលជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីកងកម្លាំងទាំងអស់បានមកដល់នាពេលខាងមុខនេះ។ នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរដល់សាច់ញាតិបងប្អូនទាំងអស់ ដែលបានអញ្ជើញមកទទួលដំណើរមាតុភូមិនិវត្ត ន៍នាពេលនេះ។

សូមជម្រាបថា នេះជាការមកដល់លើកទី២ បន្ទាប់ពីកងនាំមុខ គឺកងអនុសេនាធំវិស្វកម្មព្រលានយន្ត ហោះលេខ៧២៩ ចំនួន៥៣នាក់ បានមកដល់មាតុភូមិ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ថ្មីៗ នេះ៕