(San Francisco)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បញ្ជាក់ថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា និងប្រធានាធិបតី ចិន លោក ស៊ី ជីនពីង បានជួបគ្នានៅក្នុងជំនួប ទល់មុខគ្នាជាលើកដំបូងបំផុតក្នុងរយៈពេល១ ឆ្នាំមកនេះ នៅខាងក្រៅកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុង San Francisco កាលពី ល្ងាចថ្ងៃ ព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។
មេដឹកនាំនៃប្រទេសទាំង២ត្រូវបានគេរំពឹងថានឹងពិភាក្សាគ្នាពីការបង្កើតក្របខណ្ឌកិច្ចសន្ទនាថ្មីមួយស្ដីពីបញ្ហាពាណិជ្ជកម្មនិងស្វែងរកការផ្សះផ្សារទំនាក់ទំនងក្រោយមានភាពរកាំរកូសនឹងគ្នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក គីស៊ីដា ប្រាប់លោក ស៊ី ជីនពីង នៅពេលចាប់ផ្ដើមកិច្ចប្រជុំថាជប៉ុន និងចិន រួមរស់ និងរីកចម្រើនជាមួយក្នុងនាមជាអ្នកជិតខាង និងមានទទួលខុសត្រូវ ក្នុងការចូលរួមចំណែក ដល់សន្តិភាព និងវិបុលភាពរបស់ពិភពលោក។
គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក គីស៊ីដា ក៏នឹងត្រូវចូលរួមក្នុងជំនួប ត្រីភាគីជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល និង ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនផងដែរ នៅខាងក្រៅ កិច្ចប្រជុំកំពូល APEC ក្នុងទីក្រុង San Francisco ដែលប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកានេះ៕