ការជម្លៀសខ្លួនចេញពីតំបន់ Gaza តាមច្រក Rafah របស់អេហ្ស៉ីប ចាប់ផ្តើមឡើងវិញ

(គែរ)៖ មន្រ្តីសន្តិសុខ និងពេទ្យអេហ្ស៉ីបនិយាយថា ការជម្លៀសខ្លួនចេញពីតំបន់ Gaza តាមរយៈច្រក Rafah ទៅកាន់ប្រទេសអេហ្ស៉ីប សម្រាប់អ្នកកាន់លិខិតឆ្លងដែនបរទេស និងប្រជាជនប៉ាឡេស្ទីនដែលត្រូវការការព្យាបាល បានបន្តឡើងវិញកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះក្រោយផ្អាកមួយថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការចាកចេញតាមច្រក Rafah ដែលជាផ្លូវតែមួយគត់ទៅកាន់តំបន់ឡោមព័ទ្ធដែលមិនជាប់ព្រំដែនអ៊ីស្រាអែល ត្រូវបានផ្អាកជាលើកទីពីរកាលពីថ្ងៃពុធ បន្ទាប់ពីការទម្លាក់គ្រាប់បែកនៅតាមផ្លូវពីក្នុងតំបន់ Gaza រហូតដល់ព្រំដែន។ កាកបាទក្រហមនិយាយថា ក្បួនរថយន្តរបស់ខ្លួនដែលអមដំណើរដោយក្រុមគ្រូពេទ្យ ក៏ត្រូវបានកំណត់គោលដៅផងដែរ។
មន្រ្តីសន្តិសុខ និងពេទ្យអេហ្ស៉ីប បានបញ្ជាក់ថា អ្នកកាន់លិខិតឆ្លងដែនបរទេស និងសាច់ញាតិរបស់ពួកគេចំនួន ៦៩៥នាក់ ដែលរួមមានទាំងពលរដ្ឋអេហ្ស៉ីបផងនោះអាចបន្តការឆ្លងកាត់ច្រកនេះបាន ខណៈបុគ្គលិកពេទ្យ ១២នាក់ដែលអមការជម្លៀសខ្លួន និងដៃគូ ១០នាក់បានចូលដល់ប្រទេសអេហ្ស៉ីបហើយ៕