សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នៅតែបន្តសហការ ជាមួយអង្គការសហប្រជាជាតិ ដើម្បីចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា​ ឆ្នាំ២០២៣នេះ ​បានគូសបញ្ជាកថា រាជរដ្ឋាភិបាល នៅតែបន្តសហការជាមួយអង្គការសហប្រជាជាតិ ដើម្បីចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ទន្ទឹមនេះ យើងក៏កាន់តែចូលរួម ឲ្យកាន់តែសកម្មបន្ថែមទៀត នៅក្នុងបេសកម្មថែរក្សាសន្ដិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលជាផ្នែកមួយ នៃការពង្រឹងអំណាចទន់ (Soft Power) របស់កម្ពុជា ទៅលើឆាកអន្តរជាតិ»

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ក្នុងនាមជាប្រទេស ដែលមានបទពិសោធន៍ ចំពោះបញ្ហាគ្រាប់មីន កម្ពុជាក៏នឹងចែករំលែកនេះ ដល់គ្រប់បណ្ដាប្រទេសទាំងអស់ ដែលនេះ ជាសកម្មភាពមនុស្សធម៌សុទ្ធសាធ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការប្តេជ្ញាចិត្តបន្តចូលរួមសកម្មភាពមនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិ ពីព្រោះកម្ពុជា មិនចង់ឃើញសោកនាដកម្មដ៏ជូរចត់នេះ កើតឡើងទៅលើមនុស្សជាតិដទៃទៀតនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឲ្យដឹងផងដែរថា រាជរដ្ឋាភិបាល នឹងធ្វើទំនើបកម្មលើកិច្ចការចំនួន៣ ក្នុងវិស័យការពារជាតិ រួមមាន៖ ទំនើបកម្មហេដ្ឋរចនាសម្ព័ន្ធ ទំនើបកម្មហ្វឹកហ្វឺន និងទំនើបកម្ម គ្រឿងបំពាក់។ សម្តេចធិបតី បានថ្លែងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកែសម្រួលរចនាសម្ព័ន្ធដឹកនាំច្រើន ទាំងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស៕