អ៉ីស្រាអែល យល់ព្រមឈប់បាញ់ ៤ម៉ោងក្នុងមួយថ្ងៃ នៅភាគខាងជើងហ្កាហ្សា

(ហ្កាហ្សា)៖ សេតវិមាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) បាននិយាយថាអ៉ីស្រាអែលបានយល់ព្រមទទួលយកការឈប់បាញ់ រយៈពេល ៤ម៉ោងក្នុងមួយថ្ងៃ នៅភាគខាងជើងនៃតំបន់ហ្កាហ្សា ដើម្បីសម្រួលដល់ការជម្លៀសខ្លួនសម្រាប់ជនស៊ីវិលចេញពីតំបន់ជម្លោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខសេតវិមាន លោក John Kirby បាននិយាយថាការឈប់បាញ់ខាងលើនឹងសម្រួល ដល់ការជម្លៀសខ្លួនសម្រាប់ជនស៊ីវិលតាមច្រករបៀងចំនួន២ ហើយអាចនឹងត្រូវបានប្រើប្រាស់ដើម្បីឈានទៅរកការដោះលែងចំណាប់ខ្មាំង។ លោក John Kirby បានគូសបញ្ជាក់ដូច្នេះថា «យើងបានដឹងថាអ៉ីស្រាអែលនឹងអនុវត្តការឈប់បាញ់រយៈពេល ៤ម៉ោងក្នុងមួយថ្ងៃ នៅតាមតំបន់ មួយចំនួននៃភាគខាងជើងតំបន់ហ្កាហ្សា»
ប៉ុន្តែ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាការវាយលុករបស់អ៉ីស្រាអែលប្រឆាំងក្រុមហាម៉ាស នឹងនៅតែ បន្តធ្វើឡើង ហើយការឈប់បាញ់នឹងត្រូវធ្វើឡើងរប៉ាត់រប៉ាយនៅតាមតំបន់ពិសេសដែលត្រូវបានកំណត់តែប៉ុណ្ណោះ៕