រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់បាក់ឌុប ចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញលិខិតមួយ ដោយលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល។

លោក ជា វ៉ាន់ដែត បានលើកឡើងថា តាងនាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកសូមជូនពរដល់ក្មួយៗសិស្សានុសិស្សទាំងអស់ឱ្យទទួលបានជោគជ័យ ក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ដែលប្រពឹ្រត្តទៅនាថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ នៅក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើធុរកិច្ច និងការផ្ដល់សេវាសាធារណៈ និងសេវាផ្សេងៗប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោករដ្ឋមន្ត្រីបន្ថែមថា «ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាសេនាធិការ របស់រាជរដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ខ្ញុំសូមលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ បន្ទាប់ពីទទួលបានលទ្ធផលជាប់ជាស្ថាពរ សូមពិចារណាចាប់យកការសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធផ្សេងៗ ដើម្បីទទួលបានឱកាសការងារល្អ ដែលមានប្រាក់ចំណូលខ្ពស់ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យ របស់រាជរដ្ឋាភិបាលក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល»
បន្ថែមពីលើនេះ ក្មួយៗអាចទទួលបានឱកាសសិក្សាជាច្រើន ក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល តាមរយៈអាហារូបករណ៍ និងកម្ចីថវិកាសិក្សាជាដើម។
ជាថ្មីម្ដងទៀត លោករដ្ឋមន្ត្រី សូមជូនពរដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ទទួលបានជោគជ័យ និងសង្ឃឹមជឿជាក់ថា បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតជំនាញ ឬសាកលវិទ្យាល័យ ក្មួយៗនឹងចូលរួមចំណែកអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងស្វាហាប់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕