(បរទេស)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអោយដឹងថារដ្ឋាភិបាលចក្រភពអង់គ្លេសប្រកាសបោះទុនវិនិយោគចំនួន ២៧៣លានដុល្លារទៅ ក្នុងវិស័យបញ្ញាសិប្បនិមិត្ត Supercomputer AI ដែលមានឈ្មោះថា Isambard-AI ដោយបង្ហាញ ពីមហិច្ឆតាដ៏ធំក្នុងការដឹកនាំផ្នែកបច្ចេកវិទ្យា ខណៈដែលប្រទេសនេះកំពុងប្រជែងគ្នាដើម្បីតាម ឱ្យ ទាន់សហរដ្ឋអាមេរិក និងចិន។ ការវិនិយោគនេះកើតឡើងនៅពេលដែលចក្រភពអង់គ្លេសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសុវត្ថិភាព AI ដ៏ធំរបស់ខ្លួននៅក្នុង Bletchley Park ដែលជាផ្ទះរបស់អ្នកបំបែកកូដសង្គ្រាមលោកលើកទីពីរ។ អំឡុងពេលនោះដ្ឋាភិបាលចក្រភពអង់គ្លេសបាននិយាយថា Isambard-AI នឹងក្លាយជាកុំព្យូទ័រ ទំនើបបំផុតនៅក្នុងចក្រភពអង់គ្លេស នឹងមានល្បឿនលឿនជាងម៉ាស៊ីនលឿនបំផុតនាពេលបច្ចុប្បន្ន របស់ចក្រភពអង់គ្លេសរហូតដល់ ១០ដងឯណោះ។
Isambard-AI ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការផលិតនៅឆ្នាំ២០២៤ ខាងមុខនេះ ដូច្នេះនៅពេល ដែល AI នេះចាប់ផ្តើមដំណើរការជាសកល វាច្បាស់ណាស់នឹងមានសមត្ថភាពខ្លាំងជាងគេបើ ធៀបនឹង AI ពីប្រទេសមហាអំណាចផ្សេងទៀត រួមទាំងអាចជាប់ចំណាត់ថ្នាក់ក្នុងចំណោម Supercomputer AI កំពូលក្នុងពិភពលោកផងដែរ។
យោងតាមការរំពឹងទុករបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Supercomputer ដ៏ទំនើបដែលរួម បញ្ចូលគ្នាជាមួយនឹងដំណើរការ AI នេះនឹងសម្រេចបាននូវរបកគំហើញថ្មីក្នុងការបញ្ចូលថាមល ការថែទាំសុខភាព និងគំរូអាកាសធាតុ «health care និង climate modelling»៕