(ព្រះសីហនុ)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀល ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចុះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកជា មន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ និងដោយមានការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងគណៈប្រតិភូអមដំណើរជាច្រើនរូប។
នៅក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ជូននូវអនុសាសន៍ និងបានសង្កត់ធ្ងន់ លើការពង្រឹងវិន័យការងារ ការរក្សាសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការផ្ទៃក្នុង ពិសេសការសិក្សា ស្វែងយល់បន្ថែមពីបច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើការងារបានលឿនឆាប់រហ័ស ឱ្យស្របនឹងយុទ្ធ សាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានអាទិភាពគន្លឹះ ចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។
ជាមួយគ្នានេះ ឯកឧត្តម ប៉េង ពោធិ៍នា បានលើកឡើងពីការរៀបចំកំណែទម្រង់របស់ក្រសួង ដែល មានផែនការអាទិភាពចម្បងចំនួន២ និងយន្តការគាំទ្រចំនួន ៤ចំណុចផ្សេងទៀត មកជម្រាបជូន ដល់សមាជិក សមាជិកានៃអង្គពិធី ដែលជាមន្ត្រីឱ្យបានជ្រាប ដើម្បីបន្តអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលផងដែរ។
នាឱកាសនោះដែរឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់ជូននូវសម្ភារ ផ្លាកសញ្ញាសុវត្ថិភាពការដ្ឋានផ្លូវថ្នល់ រួមមាន មួកការដ្ឋាន ១០០មួក អាវចំណាំងផ្លាត ម៉ាស៊ីនកាត់ស្មៅ និងកៅស៊ូត្រជាក់ Cold Mix ចំនួន ២០០បាវ ដល់មន្ទីរសម្រាប់ប្រើប្រាស់ក្នុងការជួសជុលថែទាំផ្លូវ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំង ផ្តល់កិត្តិយសថតរូបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ទុកជាអនុស្សាវរីយ៕