(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងជាព្រះរាជាធិបតីភាពសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត»។
ក្នុងពិធីនាថ្ងៃនេះ ក៏នឹងមានការអញ្ជើញដង្ហែព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ពីសំណាក់ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ រួមមានប្រធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ, នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងសម្តេចៗជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិជាច្រើនរូបផ្សេងទៀត។
សូមបញ្ជាក់ថា «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញកាលពី អំឡុងឆ្នាំ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន។
បន្ទាប់ពីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនោះ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ប្រើជាច្រកចូលសម្រាប់ការទស្សនាប្រាសាទអង្គរវត្ត ហើយស្ពានបណ្តែតទឹកប្រាសាទអង្គរវត្ត ប្រើសម្រាប់ជាច្រកចេញ។
បើតាមលោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ត្រូវបានជួសជុលចំនួន៥ដងរួចមកហើយ រាប់ចាប់តាំងពីសតវត្សរ៍ទី១៦។ សម្រាប់លោក ឡុង កុសល ការជួសជុលស្ពានហាលចូលទស្សនាប្រាសាទអង្គរ ក៏ដូចជាការជួស ជុលប្រាង្គប្រាសាទដទៃទៀបានស្តែងឱ្យឃើញពីស្មារតីយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល កម្ពុជាទាំងក្នុងនីតិកាលចាស់ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលនីតិកាលថ្មី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាកូនខ្មែរជំនាន់ក្រោយ ក្នុងការថែរក្សា ការពារនូវមរតកដូនតាខ្មែរដែលជារតនសម្បត្តិមិនអាចកាត់ថ្លៃបាន។
លោក ឡុង កុសល ក៏បានគូសបញ្ជាក់ផងដែរថា ការជួសជុលស្ពានហាលចូលប្រាសាទអង្គរ និង ការថែទាំប្រាង្គប្រាសាទរបស់ខ្មែរ ក៏បានរំលេចឱ្យឃើញពីគុណតម្លៃដ៏សំខាន់នៃសុខសន្តិភាព។ កំលុងពេលខ្មែរជួបវិបត្តិនៃសង្គ្រាមខ្មែរគ្មានពេលថែទាំប្រាង្គប្រាសាទដែលជាព្រលឹងវប្បធម៌ជាតិនោះឡើយ ហើយបើខ្មែរ គ្មានសុខសន្តិភាពទេ សម្បត្តិវប្បធម៌មរតកដូនតាខ្មែរអាចនឹងត្រូវរងវិនាសកម្ម គ្មានសេសសល់នោះឡើយ។ ដូច្នេះសុខសន្តិភាព បានផ្តល់នូវគុណតម្លៃមិនត្រឹមពន្លឺជីវិតពលរដ្ឋ ខ្មែរប៉ុណ្ណោះទេ តែក៏បានផ្តល់រស្មីចិញ្ចាចចិញ្ចាចដល់រតនសម្បត្តិដែលជាមរតករបស់ដូនតាខ្មែរផង ដែរ៕