មនុស្សជិត ១០០នាក់ ស្លាប់ និងបាត់ខ្លួន ក្រោយព្យុះ Hurricane Otis វាយប្រហារម៉ិកស៊ិក

(ម៉ិកស៊ីកូ ស៊ីធី)៖ អាជ្ញាធរនៅក្នុងប្រទេសម៉ិកស៊ិក នៅថ្ងៃចន្ទសប្ដាហ៍នេះ​ បានឱ្យដឹងថាចំនួនមនុស្សស្លាប់ និងបាត់ខ្លួនដោយសារព្យុះ Hurricane កម្រិតទី៥ Otis ដែលបានវាយប្រហារលើទីក្រុង Acapulco នៃរដ្ឋ Guerrero កាលពីសប្ដាហ៍មុន បានកើនដល់ជិត ១០០នាក់ ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣។

ព្យុះ Hurricane Otis បានបក់បោកលើទីក្រុង Acapulco ជាមួយល្បឿនខ្យល់ ២៦៦គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីថ្ងៃពុធសប្ដាហ៍មុន ដោយបង្កឱ្យមានទឹកជំនន់ជន់លិចផ្លូវថ្នល់ ផ្ទះ រថយន្ដជាច្រើនគ្រឿង និងហាងទំនិញ ព្រមទាំងកាត់ផ្ដាច់បណ្ដាញទូរគមនាគមន៍ទាំងផ្លូវគោក និងផ្លូវអាកាស។

បើតាមលោកស្រី Evelyn Salgado ជាអភិបាលរដ្ឋ Guerrero មនុស្ស ៤៥នាក់បានស្លាប់ និង៤៧នាក់ផ្សេងទៀតបានបាត់ខ្លួន ដោយសារ ព្យុះ Hurricane Otis។ តួលេខផ្ដល់ដោយលោកស្រី Salgado ធ្វើឡើង បន្ទាប់ពីកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ អាជ្ញាធរសហព័ន្ធ ការពារជនស៊ីវិលនៃប្រទេសម៉ិកសិក បានឱ្យដឹងថាមនុស្ស ៤៨នាក់បានស្លាប់ ហើយក្នុងចំណោមពួកគេមាន ៤៣នាក់បានស្លាប់នៅក្នុងទីក្រុង Acapulco និង៥នាក់ផ្សេងទៀតនៅក្នុងទីក្រុង Coyuca de Benitez។