ក្រសួងបរិស្ថាន និង World Bank រួមដៃគ្នា ពង្រីកភាពស្អាត គ្មានប្លាស្ទិកក្នុងតំបន់អាស៊ាន

(ភ្នំពេញ)៖ កញ្ញា Mona Sur អ្នកគ្រប់គ្រងការអនុវត្តនៃធនាគារពិភពលោក World Bank លើកឡើងថា នឹងរួមដៃគ្នាជាមួយក្រសួងបរិស្ថានលើការងារអាទិភាពរបស់ក្រសួង ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការបំពុលដោយសំណល់ប្លាស្ទិកទៅលើសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា ស្របតាមយុទ្ធសាស្រ្តចក្រាឆ្នាំ២០២៣-២០២៨។

ការលើកឡើងនេះ គឺនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះ World Bank និងសហការី ហើយបើកទ្វារទទួលស្វាគមន៍ជានិច្ចចំពោះដៃគូអភិវឌ្ឍទាំងអស់ ដែលចង់រួមចំណែកជួយឱ្យកម្ពុជាស្អាត និងចែករំលែកភាពស្អាតនេះទៅដល់ប្រទេសជិតខាងរបស់កម្ពុជា ជាពិសេសប្រទេសស្ថិតក្នុងតំបន់អាស៊ាន។

លោករដ្ឋមន្រ្តីបានបន្តទៀតថា កម្ពុជាស្អាតប្រទេសជិតខាងជាមិត្តកម្ពុជាចាំបាច់ត្រូវតែស្អាតដូចគ្នា យើងត្រូវតែជួយសម្អាតគ្នា ព្រោះយើងមានទន្លេមេគង្គជាមួយគ្នា។

សូមរម្លឹកជូនថា កិច្ចសហការ World Bank ជាមួយក្រសួងបរិស្ថានកន្លងមក គឺបានអនុវត្តលើគម្រោង គ្រប់គ្រងសំណល់រឹងនៅក្នុងដែនគម្រោងការពារធម្មជាតិ ធានានូវនិរន្តភាពទេសភាព ការអភិរក្សធនធានធម្មជាតិ ការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍៕