(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថានឹងមិនមានបទឈប់បាញ់នៅក្នុងសង្រ្គាម របស់អ៉ីស្រាអែលប្រឆាំងក្រុមហាម៉ាសនោះទេ ស្របពេលអង្គការសហប្រជាជាតិបានព្រមានពីការខ្វះខាតនៃលំហូរជំនួយមនុស្សធម៌ ដើម្បី ដោះស្រាយតម្រូវការចាំបាច់របស់ប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣។
លោក Netanyahu ធ្វើការកត់សម្គាល់ខាងលើប្រាប់បណ្ដាសារព័ត៌មានបរទេស កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ជាមួយការសង្កត់ធ្ងន់ថាការ ទទួលយកបទឈប់បាញ់ គឺមានន័យស្មើនឹងសុំចុះចាញ់ក្រុមហាម៉ាស ខណៈសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អ៉ីស្រាអែល ក៏បាន បដិសេធបទឈប់បាញ់ផងដែរ។ «ការអំពាវនាវឱ្យមានបទឈប់បាញ់ចំពោះអ៉ីស្រាអែល គឺមានន័យស្មើនឹងសុំចុះចាញ់ក្រុមហាម៉ាស ចុះចាញ់ភេរវកម្ម… ដូច្នេះរឿងនេះនឹងមិនកើតឡើងនោះទេ»។ នេះជាការបញ្ជាក់របស់លោក Netanyahu ដោយសន្យាថាអ៉ីស្រាអែលនឹង ប្រយុទ្ធរហូតដល់ទទួលបានជ័យជម្នះក្នុងសង្រ្គាមនេះ។