ឥណ្ឌា បន្តផ្តល់ទិដ្ឋាការដល់កាណាដាឡើងវិញ ក្រោយមានជម្លោះផ្នែកការទូត


 (អូតាវ៉ា)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែ តុលា ឆ្នាំ២០២៣​ បានអោយដឹងថា ស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុងអូតាវ៉ា របស់កាណាដា បាន ប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ឥណ្ឌានឹងចេញទិដ្ឋាការសម្រាប់ពលរដ្ឋកាណាដាឡើងវិញ ខណៈ នេះជាសញ្ញាបន្ធូរបន្ថយភាពតានតឹងមួយរវាងប្រទេសទាំងពីរ ក្រោយពីមានជម្លោះផ្នែកការទូតជុំវិញ ការសម្លាប់មេដឹកនាំក្រុមបំបែកខ្លួន Sikh នៅលើទឹកដីកាណាដា។

គណៈកម្មការជាន់ខ្ពស់ឥណ្ឌាបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា «បន្ទាប់ពីការពិចារណាឡើងវិញអំពីស្ថានភាពសន្តិសុខ ដែលពាក់ព័ន្ធនឹងចំណាត់ការមួយចំនួនរបស់កាណាដានាពេលថ្មីៗ ជុំវិញបញ្ហាខាងលើនេះ ឥណ្ឌាសម្រេចចិត្តបន្តសេវាកម្មផ្តល់ទិដ្ឋាការឡើងវិញ»។ លោក Harjit Sajjan រដ្ឋមន្ត្រីទទួលបន្ទុកការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់របស់កាណាដា បានស្វាគមន៍ការសម្រេច ចិត្តរបស់ឥណ្ឌានេះថាជា «ដំណឹងល្អសម្រាប់ប្រជាជនកាណាដា»

គួរបញ្ជាក់ថា ផ្តើមចេញពីការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្រ្តី Justin Trudeau អំពីភាព ជាប់ពាក់ព័ន្ធរបស់ភ្នាក់ងារឥណ្ឌាទៅនឹងការសម្លាប់មេដឹកនាំក្រុមផ្តាច់ខ្លួន Sikh កាណាដាបានអំពាវ ឲ្យឥណ្ឌាចូលរួមក្នុងការស៉ើបអង្កេត ហើយបានបណ្តេញមន្រ្តីទូតឥណ្ឌាចេញពីប្រទេសរបស់ខ្លួន។ ទីក្រុងញូវដេលី ក៏បានចាត់វិធានការតបតវិញ ដែលរួមមានការបិទសេវាកម្មទិដ្ឋាការសម្រាប់ជន ជាតិកាណាដាផងដែរ៕