ឯកឧត្តម ជា វ៉ាន់ដេត ពិភាក្សាការងារជាមួយអ្នកតំណាង UNDP ពង្រឹងភាពជាដៃគូ និងយុទ្ធសាស្ត្រ សម្រាប់ពន្លឿនការធ្វើបរិវត្តកម្មឌីជីថល


(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឲ្យ លោកស្រី Alissar Chaker អ្នកតំណាងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) និងក្រុមការងារ ចូលពិភាក្សាការងារ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ។ កិច្ចពិភាក្សានេះ មានគោលបំណងពង្រឹងភាពជាដៃគូ និងយុទ្ធសាស្ត្រ សម្រាប់ពន្លឿនការធ្វើ បរិវត្តកម្មឌីជីថល និងការអភិវឌ្ឍធនធានមនុស្សឌីជីថល។

ក្នុងជំនួបនេះ លោកស្រី Alissar Chaker បានថ្លែងអំណរគុណដល់ ឯកឧត្តម រដ្ឋមន្ត្រី ដែលបាន ចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការអនុញ្ញាតឲ្យលោកស្រី និងសហការី ចូលជួបពិភាក្សាការងារ ជាមួយនាពេលនេះ។ ជាមួយគ្នានេះ លោកស្រីបានអបអរសាទរចំពោះសមិទ្ធផលនានា ពាក់ព័ន្ធ នឹងវិស័យបច្ចេកវិទ្យាឌីជីថល ដែលប្រទេសកម្ពុជាសម្រេចបាន។

បន្ថែមលើនេះ លោកស្រី ក៏បានជម្រាបជូន ឯកឧត្តម រដ្ឋមន្ត្រី អំពីការប្តេជ្ញាចិត្តបន្តគាំទ្ររបស់ UNDP លើការជួយកម្ពុជា ក្នុងការសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០ និងការត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច និងជាពិសេសគាំទ្រដល់ការសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណលោកស្រី Alissar Chaker ដែលកម្មវិធី អភិវឌ្ឍន៍សហប្រជាជាតិ តែងតែផ្តល់ជំនួយក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។

លើសពីនេះទៀត ឯកឧត្តម រដ្ឋមន្ត្រីបានលើកឡើងពីវឌ្ឍនភាពរបស់ក្រសួង ក្នុងការរៀបចំគោល នយោបាយ ច្បាប់ និងបទប្បញ្ញត្តិ ការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍ កម្ម វិធីអភិវឌ្ឍន៍ជំនាញឌីជីថល ការជំរុញការចាប់យកឌីជីថល ការបង្កើតកម្មវិធីប្រកួតប្រជែងពាក់ព័ន្ធ នឹងជំនាញឌីជីថល ការរៀបចំកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ ការបង្កើតថ្នាលឌីជីថល ការកសាង ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល និងការពង្រឹងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរ ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការប្រើប្រាស់ផងដែរ។

ឯកឧត្តម រដ្ឋមន្ត្រីក៏បានជម្រាបជូនលោកស្រីតំណាង UNDP ប្រចាំនៅកម្ពុជា អំពីការងារអាទិភាព ក្នុងការជំរុញបរិវត្តកម្មនៅតាមក្រសួង ស្ថាប័ន និងវិស័យពាក់ព័ន្ធ។
ឯកឧត្តម មន្ត្រីបានថ្លែងអំណរគុណចំពោះ លោកស្រី Alissar Chaker ចំពោះឆន្ទៈ និងការប្តេជ្ញា របស់លោកស្រី ក្នុងការរួមចំណែកអភិវឌ្ឍវិស័យឌីជីថល សេដ្ឋកិច្ចនិងសង្គមកម្ពុជា និងបានជូនពរ ឲ្យលោកស្រី និងក្រុមការងារទទួលបានជោគជ័យការងារបន្ថែមទៀត៕