(ភ្នំពេញ)៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារផ្នែកទេស ចរណ៍ និងឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”) ដោយមានសមាសភាព ចូលរួមជាសមាជិក តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងផ្នែកឯកជន និងសមាគមឧស្សាហកម្ម ទេសចរណ៍សរុបប្រមាណ២០០នាក់។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីកំណត់បញ្ហាប្រឈម និងលើកជាសំណូមពរ ក៏ដូចជាការដាក់ ចេញនូវវិធានការមុតស្រួច និងជាក់ស្តែងក្នុងវិស័យទេសចរណ៍ ក្នុងគោលដៅប្រមូលនូវធាតុចូល ទាំងនេះឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីគោរពរាយការណ៍ជូនរាជរដ្ឋាភិបាលសម្រាប់ការរៀបចំ «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០២៣ខាង មុខនេះ។
អង្គប្រជុំបានពិភាក្សាលើចំណុចចំនួន១៩ និងបានកំណត់នូវវិធានការឆ្លើយតបទៅនឹងបញ្ហាប្រឈម ដែលអាចដោះស្រាយបានក្នុងកម្រិតអន្តរស្ថាប័ន ហើយចំណុចសំណូមពរណាមួយដែលមិនអាច ដោះស្រាយបានអង្គប្រជុំសម្រេចពិនិត្យលទ្ធភាពលើកសំណូមពរទាំងនោះទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីផ្តល់លទ្ធភាពឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអាចធ្វើការបូកសរុប និងគោរពរាយការណ៍ ជូនរាជរដ្ឋាភិបាលសម្រាប់ត្រៀមរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩នេះ។
ឯកឧត្តម រដ្ឋមន្រ្តី សុខ សូកេន រួមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន សមាគមឧស្សាហកម្ម ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍បានប្តេជ្ញាចិត្តរួមគ្នាបង្កើនកិច្ចសហការបន្ថែម ដើម្បីជំរុញភាព ប្រកួតប្រជែង និរន្តរភាព និងបរិយាបន្ននៃវិស័យទេសចរណ៍ ពិសេសចូលរួមផ្សព្វផ្សាយរួមគ្នាក្នុង នាមខ្មែរតែមួយសម្រាប់វិស័យទេសចរណ៍កម្ពុជា៕