(បេរូត)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ អោយដឹងថា ទូរទស្សន៍ al-Manar របស់ក្រុម Hezbollah បានរាយការណ៍ថា មេដឹក នាំនៃក្រុមរបស់ខ្លួនទើបតែបានជួបពិភាក្សាជាមួយ ថ្នាក់ដឹកនាំរបស់ក្រុមសកម្មប្រយុទ្ធ Hamas និងក្រុម Islamic Jihad ដោយបានវាយតម្លៃលើសម្ព័ន្ធភាពរបស់ពួកគេ និងអ្វីដែលត្រូវធ្វើបន្តទៀត ដើម្បីសម្រេចបាននូវជ័យជំនះពិតប្រាកដសម្រាប់ការតស៊ូ នៅក្នុងតំបន់ហ្កាហ្សា។
អ្នកដែលមកចូលរួមប្រជុំជាមួយមេដឹកនាំក្រុម Hezbollah លោក Sayyed Hassan Nasrallah គឺមានអនុប្រធានក្រុម Hamas លោក Saleh al-Arouri និងប្រធានក្រុម Jihad លោក Ziad al-Nakhala។ ចំណងជើងនៅលើប៉ុស្តទូរទស្សន៍ al-Manar សរសេរថា «កិច្ចប្រជុំ… បានវាយតម្លៃលើ តួនាទីរបស់អន្តរជាតិ និងអ្វីដែលក្រុមចលនាតស៊ូត្រូវតែធ្វើ» ដោយសំដៅទៅលើសម្ព័ន្ធមិត្ត ដែលរួម មានអ៉ីរ៉ង់ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ស៉ីរី ក្រុមហេសបូឡារបស់លីបង់ និងបក្ខពួកផ្សេងទៀត។
គួរបញ្ជាក់ថា សង្គ្រាមរវាងអ៉ីស្រាអែលជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន បានបង្កើនការភ័យខ្លាច កាន់តែខ្លាំងឡើង នូវភាពចលាចលក្នុងតំបន់ ជាពិសេសការដុតបញ្ឆេះភាពតានតឹងដែលមាន ស្រាប់ជាមួយស៉ីរី និងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសលីបង់៕