(ភ្នំពេញ)៖ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ នេះ,
មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុប ប្រមាណ ៨៩៨ ៤១០
ដុល្លារ និង ៥ ២៦០ ៥៩៣ ០០០ រៀល និងថវិកាចំនួន ៤៣៦ ៥០០ ដុល្លារទៀត ដែលសប្បុរសជនបានបរិច្ចាគដោយផ្ទាល់
នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងគន្ធបុប្ផា សៀមរាប។
ទន្ទឹមពេលជាមួយគ្នានេះដែរ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកាចំនួន ២៩៨ ៨៥៦ ដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យ ក្នុងការផ្តល់ សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ និងប្រកបដោយ គុណភាព។ ដោយឡែកសម្រាប់ខែកញ្ញា ឆ្នាំ២០២៣ នេះ, មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកា បរិច្ចាគចំនួន ២២១ ១៥៤ ១០០ រៀល និង ៥៥ ៥៥៧ ដុល្លារ ពីសប្បុរសជន ៩ ៤៣៥ រូប ដែល រួមមានសមាជិកគាំទ្រ ៧ ៩៩៥ រូប និងសប្បុរសជនផ្សេងៗ ១ ៤៤០ រូប។
ជំនួសមុខឲ្យអាណាព្យាបាលទារក និងកុមារនៅកម្ពុជា, មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគថវិកាសម្រាប់ចូល រួមទ្រទ្រង់ ផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងគោលដៅធានាឲ្យបាននូវកិច្ចដំណើរការប្រកប ដោយចីរភាព ប្រសិទ្ធភាព និងគុណភាព សំដៅលើកកម្ពស់សុខុមាលភាពទារក និងកុមារនៅ កម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមលើកទឹកចិត្តសាធារណជន ព្រមទាំងស្ថាប័នរដ្ឋ និងក្រុមហ៊ុន-សហ គ្រាសឯកជននានា ឱ្យបន្តចូលរួមបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយបរិច្ចាគ ដោយឥតគិតថ្លៃ សេវាជាមួយធនាគារ ABA, ACLEDA, Canadia, Chip Mong, Wing, Sathapana, Vattanac, J Trust Royal, Cambodian Public, ARDB, Bridge, Amret Microfinance និងភ្នាក់ងារ True Money ឬ តាមរយៈលេខទូរសព្ទ ០៦១ ៧០ ១១១១។
សប្បុរសជននានា ក៏អាចចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលរួមមាន សមាជិក កិត្តិយស ដោយបរិច្ចាគចាប់ពី ២០ លានរៀល /៥ ប្រាំពាន់ដុល្លារ ក្នុងមួយឆ្នាំ ឬ សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ប្រាំពាន់រៀល ក្នុងមួយខែ/៦ម៉ឺនរៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គី ភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»៕