(ប៉េកាំង)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា នៅទីបំផុតទៅ ចិនបានទទួលស្គាល់ជាផ្លូវការហើយពីការបណ្ដេញ រដ្ឋមន្ត្រីការពារជាតិ លោក Li Shangfu ចេញពីតំណែងនៅថ្ងៃអង្គារសប្ដាហ៍នេះ ដែលធ្វើឱ្យលោក Li ក្លាយជាថ្នាក់ដឹកនាំជាន់ខ្ពស់ទី២របស់ចិន ដែលត្រូវបានដកតំណែងក្នុងរយៈពេល៣ខែមកនេះ។
លោក Li Shangfu បានបាត់មុខពីទីសាធារណៈអស់រយៈពេលជាង ២ខែ ហើយទើបតែនៅថ្ងៃ អង្គារសប្ដាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានទទួលស្គាល់ថាលោក ត្រូវបានបណ្ដេញចេញពី តំណែងជារដ្ឋមន្ត្រីការពារជាតិ។ ប៉ុន្តែ មិនបានបញ្ជាក់ពីមូលហេតុនៅពីក្រោយក្រោយបញ្ចប់ តំណែងរដ្ឋមន្ត្រីការពារជាតិចិនរូបនេះនោះទេ ហើយក៏មិនទាន់មានការបង្ហើបពីការតែងតាំងអ្នកត្រូវ ឡើងកាន់តំណែងជំនួសលោក Li នៅឡើយដែរ ដោយទុកឱ្យតំណែងរដ្ឋមន្ត្រីការពារជាតិនៅទំនេរ ខណៈក្រសួងការពារជាតិចិនកំពុងត្រៀមខ្លួនទទួលស្វាគមន៍ក្រុមមន្ត្រីការពារជាតិមកពីបណ្ដាប្រទេសនានា ចូលរួមក្នុងវេទិកា Beijing Xiangshan Forum ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា។
គួរបញ្ជាក់ថា លោក Li Shangfu មានអាយុ ៦៥ឆ្នាំ និងដែលបានឡើងកាន់តំណែងជារដ្ឋមន្ត្រីការ ពារជាតិចិន កាលពីខែមីនា ឆ្នាំ២០២៣ បានបង្ហាញខ្លួនជា សាធារណៈលើកចុងក្រោយបំផុត កាលពីថ្ងៃទី២៩ ខែសីហាកន្លងទៅ។ Reuters ធ្លាប់បានរាយការណ៍ពីខែកញ្ញាដែរថាលោក Li ត្រូវ បានដាក់ឱ្យនៅក្រោមការស៊ើបអង្កេតជុំវិញការសង្ស័យក្នុងអំពើពុករលួយជាប់ពាក់ព័ន្ធនឹងការទិញបរក្ខារយោធា និងការអភិវឌ្ឍ។ ក្រៅតែពីលោក Li ចិនក៏បានប្រកាសផងដែរថា អតីតរដ្ឋមន្ត្រីការ បរទេសចិន លោក Qin Gang ដែលត្រូវបានដកតំណែងកាលពីខែកក្កដានោះ ត្រូវបានដកតំណែង ជាទីប្រឹក្សារដ្ឋចិនហើយ៕