អាល្លឺម៉ង់នឹងបន្តគាំទ្រកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេស


 (ភ្នំពេញ)៖ លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃចន្ទ ទី២៤ ខែតុលានេះ បានជួបពិភាក្សាការងារជាមួយលោក Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធ អាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជានាទីស្តីការក្រសួង។

ក្នុងនោះភាគីអាល្លឺម៉ង់បានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលអាល្លឺម៉ង់ជាមួយក្រសួងការងារលើវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាពនិងបរិយាកាសកាន់តែប្រសើរនៅក្នុងវិស័យការងារ សន្តិសុខសង្គម និងការ បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈនៅកម្ពុជា។

ក្នុងកិច្ចពិភាក្សាដ៏ស្និទ្ធស្នាលនោះ ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ និងទីភ្នាក់ងាររបស់ខ្លួនដែលបានកជួយជ្រួមជ្រែងក្នុងចង្កោមសកម្មភាពរបស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។

បន្ថែមពីនេះ ឯកឧត្តម រដ្ឋមន្ត្រី បានបង្ហាញពីគោលនយោបាយ និងចក្ខុវិស័យរបស់ក្រសួង ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យការងារ សន្តិ សុខសង្គមនិងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសការងារនិងទំនាក់ទំនងវិជ្ជាជីវៈនិងការបំពាក់ជំនាញស្តង់ដារដែលមានការទទួលស្គាល់ពីទីផ្សារដល់ប្រជាពលរដ្ឋកម្ពុជាឱ្យក្លាយជាកម្លាំងចលករសេដ្ឋកិច្ចដ៏សកម្ម និងមានផលិតភាពការងារខ្ពស់។

បន្ថែមពីនេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានជម្រាបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ពីគម្រោងបណ្តុះបណ្តាល យុវជនមកពីគ្រួសារក្រីក្រនិងងាយរងគ្រោះចំនួន១.៥លាននាក់ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតីជាប្រមុខដើម្បីអាចជួយពលរដ្ឋដែលស្ថិតក្នុងស្ថានភាពលំបាកនេះ អាចមានជំនាញជាក់លាក់ហើយទទួលបានការងារធ្វើសមរម្យដែលទីផ្សារទទួលស្គាល់។

យ៉ាងណាក៏ដោយមុននឹងបញ្ចប់ ឯកឧត្តម រដ្ឋមន្ត្រី បានស្នើឱ្យអាល្លឺម៉ង់បន្ត និងបង្កើនកិច្ចសហប្រតិ បត្តិការលើការវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេសបន្ថែមទៀតដើម្បី កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅកម្ពុជា៕