ថ្ងៃទី២៤ ខែតុលា ក្រុមប្រឹក្សាធម្មនុញ្ញនឹងពិនិត្យធម្មនុញ្ញភាពច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ស្អែកនេះ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំពិនិត្យ​ធម្មនុញ្ញភាព​ច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ កិច្ចប្រជុំនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។
សូមបញ្ជាក់ថា ច្បាប់ស្ដីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រូវបានរដ្ឋសភាអនុម័ត​កាល​ពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នាសម័យប្រជុំលើកទី១ នីតិកាលទី៧ និងព្រឹទ្ធសភា ពិនិត្យ និងឱ្យ​យោ​បល់​ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែ នាសម័យប្រជុំលើកទី១១ នីតិកាលទី៤ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។
ព្រះរាជាណាចក្រកម្ពុជា បានបង្កើតជាលើកដំបូងនូវការិយាល័យអាកាសចរណ៍ស៊ីវិល នៅឆ្នាំ១៩៥៥ និងបានចូលជាសមាជិកអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) នៅឆ្នាំ១៩៥៦។ បន្ទាប់ពីវិវត្តខ្លួន​ជា​បន្តបន្ទាប់ ការិយាល័យអាកាសចរណ៍ស៊ីវិលត្រូវបានប្តូរទៅជាអាជ្ញាធរអាកាសចរណ៍ស៊ីវិល ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣។
ក្រោយមក អាជ្ញាធរអាកាសចរណ៍ស៊ីវិលត្រូវបានប្តូរឈ្មោះទៅជារដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅឆ្នាំ១៩៩៦ តាមព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦។
ដោយទទួលបានការគាំទ្រនិងចង្អុលបង្ហាញផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន អាកាសចរណ៍ស៊ីវិលកម្ពុជា មានការអភិវឌ្ឍដូចបណ្តាប្រទេសជិតខាងនិងក្នុងតំបន់លើផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងការដឹកជញ្ជូនតាមផ្លូវអាកាស ប្រកបដោយសន្តិសុខ សុវត្ថិភាព មានទំនុកចិត្តដល់អ្នកធ្វើដំណើរគ្រប់ប្រភេទ និងមានលក្ខណៈ​សេដ្ឋកិច្ច ជាពិសេសកិច្ចការពារបូរណភាពដែនអាកាសនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមជាសមាជិកអង្គការ ICAO អាកាសចរណ៍ស៊ីវិលកម្ពុជាត្រូវភ្ជាប់ខ្លួនទៅនឹង​បទដ្ឋាន​ស្តង់​ដាអន្តរ​ជាតិ ដែលក្នុងនោះក្នុងក្របខណ្ឌនៃកាតព្វកិច្ចអន្តរជាតិ អង្គការ ICAO បានធ្វើសវនកម្មលើវិស័យអាកាស​ច​រណ៍​ស៊ីវិលកម្ពុជា និងបានរកឃើញចំណុចដែលត្រូវបំពេញបន្ថែមពាក់ព័ន្ធនឹងគោលការណ៍ រចនាសម្ព័ន្ធ​គ្រប់គ្រង និងការចាត់ចែងការងារអាកាសចរណ៍ស៊ីវិល។ ជាមួយគ្នានេះ ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់
ស្តីពីការរៀប​ចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី បានកំណត់ថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រូវបានកែសម្រួលនិងដឹកនាំដោយរដ្ឋមន្ត្រី អមដោយរដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការមួយចំនួន។
តាមសាវតារដែលបានរៀបរាប់ខាងលើនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជំនួសច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឆ្នាំ១៩៩៦ ក្នុងគោលបំណងលើកកម្ពស់និងធានាដល់ដំណើរការគ្រប់គ្រង ចាត់ចែង និងអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវត្តនៅព្រះរាជាណាចក្រកម្ពុជាដែលកំពុងមានការរីកចម្រើននិងការប្រែប្រួលខាងបច្ចេកវិទ្យាអាកាសចរណ៍ស៊ីវិលកាន់តែទំនើបនិងស៊ីជម្រៅ រួមទាំងរចនាសម្ព័ន្ធគ្រប់គ្រង ផងដែរ ជាពិសេសដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវបន្ថែមមួយចំនួនក្នុងនាមជាសមាជិកនៃអង្គការ ICAO។
សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រូវបានរៀបចំឡើងចំនួន​១១មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣៕