រុស្ស៉ី បង្កើនការវាយលុកលើទីក្រុង Avdiivka និង Kherson របស់អ៊ុយក្រែន


(មូស្គូ)៖ កងកម្លាំងរុស្ស៉ី ដែលកំពុងទប់ទល់នឹងប្រតិបត្តិការវាយបករបស់អ៊ុយក្រែនរយៈពេល ៤ខែមកនេះ បានបង្កើនការវាយលុកកាលពីថ្ងៃអាទិត្យចុងសប្តាហ៍ ទៅលើទីប្រជុំជននៃទីក្រុង Avdiivka នៅឯភាគខាងកើត និងបាញ់ផ្លោងកាន់តែខ្លាំងលើទីក្រុង Kherson នៃភាគខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣​ ខែតុលា ឆ្នាំ២០២៣។

អគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឲ្យដឹងក្នុងរបាយការណ៍មួយថា កងកម្លាំងរបស់ខ្លួន បានវាយឆ្លើយតបចំពោះវាយប្រហារជិត ២០លើករបស់រុស្ស៉ី ជុំវិញទីក្រុង Avdiivka ដោយអគារយ៉ាងច្រើននៅទីនេះត្រូវបានបំផ្លាញខ្ទេចខ្ទី។ ការវាយប្រហារតាមអាកាសរបស់រុស្ស៉ី ក៏បានត្រូវចំភូមិក្បែរនោះផងដែរ។
នៅឯទីក្រុង Kherson អភិបាលតំបន់ លោក Oleksandr Prokudin បាននិយាយថា ភូមិជាច្រើនបានរងនូវការបាញ់ផ្លោង ដូចជាទៅលើសេវាដឹកជញ្ជូន និងកន្លែង ផលិតអាហារ។ យ៉ាងនេះក្តី Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មានដោយឯករាជ្យ ពីភាគីណាមួយបានទេ៕