(ហ្សាការតា)៖ រដ្ឋមន្ត្រីការពារជាតិ និងជាបេក្ខជនប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានប្រកាសកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះថាកូនប្រុសរបស់ប្រធានាធិបតីបច្ចុប្បន្ន លោក Joko Widodo នឹងឈរឈ្មោះជាដៃគូ របស់លោកសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣។
ការជ្រើសរើសលោក Gibran Rakabuming Raka មានអាយុ ៣៦ឆ្នាំជាដៃគូ អាចនឹងជួយបង្កើនប្រជាប្រិយភាពរបស់លោក Prabowo ដោយសារតែ ប្រជាប្រិយភាពយ៉ាងសម្បើមរបស់លោក Jokowi បើទោះជាមានការខឹងសម្បារទៅនឹងការកែប្រែលក្ខខណ្ឌមួយចំនួន ដើម្បីបើកផ្លូវឱ្យកូនប្រុសរបស់លោក អាចឈរឈ្មោះបោះឆ្នោតបានក៏ដោយ។ នៅក្នុងសន្និសិទសារព័ត៌មានមួយ ក្រោយកិច្ចប្រជុំគណបក្សរបស់លោក និងគណបក្សជាដៃគូក្រុមចម្រុះ លោក Prabowo បាននិយាយថាមានកិច្ចព្រមព្រៀងមួយ ដើម្បីតែងតាំងរូបលោកជាបេក្ខជនប្រធានាធិបតី រីឯលោក Gibran Rakabuming Raka ជាបេក្ខជន អនុប្រធានាធិបតី។