ឆ្មាំព្រំដែនអេហ្ស៉ីប រងរបួសក្នុងការវាយប្រហារដោយចៃដន្យ ពីរថក្រោះអ៉ីស្រាអែល

(គែរ)៖ អ្នកនាំពាក្យរបស់កងទ័ពអេហ្ស៉ីប បាននិយាយថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ឆ្មាំព្រំដែនជាច្រើននាក់របស់ខ្លួន ត្រូវរងរបួសស្រាលក្រោយ រងការវាយប្រហារដោយចៃដន្យ ពីកម្ទេចកំទីនៃគ្រាប់រថក្រោះរបស់អ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣។

យោធាអ៉ីស្រាអែល ក៏បានទទួលស្គាល់ដែរថា រថក្រោះមួយរបស់ខ្លួនបានវាយប្រហារលើទីតាំងមួយរបស់អេហ្ស៉ីបដោយចៃដន្យ នៅជិតព្រំដែនជាមួយតំបន់ ហ្កាហ្សា។ កងកម្លាំងការពារជាតិអ៉ីស្រាអែល បានសម្តែងការសោកស្ដាយចំពោះឧប្បត្តិហេតុនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ហើយថាកំពុងស៉ើបអង្កេត ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ៕