(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Tel Aviv ប្រទេសអ៉ីស្រាអែល នៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បី ជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu។ នេះបើតាមវិមានអេលីហ្សេ (Elysee) ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង កើតមានឡើងជាង២សប្ដាហ៍ បន្ទាប់ពីក្រុមហាម៉ាសបើកការវាយប្រហារលើអ៉ីស្រាអែល ដោយសម្លាប់មនុស្សជាង ១,៤០០នាក់ ក្នុងនោះមានពលរដ្ឋបារាំង៣០នាក់ និងចាប់មនុស្សជាង ២០០នាក់ជាចំណាប់ខ្មាំង។ អ៉ីស្រាអែលវិញបានបើកវាយប្រហារសងសឹកដោយទម្លាក់គ្រាប់បែកលើ តំបន់ហ្កាហ្សា សម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤,៦០០នាក់ និងកំពុងបង្កើនការទម្លាក់គ្រាប់បែកឥតឈប់ឈរ។
ពលរដ្ឋបារាំង ៧នាក់ កំពុងបាត់ខ្លួននៅឡើយ ក្នុងនោះមានស្ត្រីបារាំងម្នាក់ដែលត្រូវបានទទួលស្គាល់ថាស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវបានក្រុមហាម៉ាស ចាប់ជា ចំណាប់ខ្មាំង។ លោក ម៉ាក្រុង បាននិយាយថាពលរដ្ឋបារាំងផ្សេងទៀតក៏អាចត្រូវបានចាប់ជាចំណាប់ខ្មាំងដែរ តែមិនទាន់មានការបញ្ជាក់ជាផ្លូវការនោះទេ៕