ចិន បង្ហាញការព្រួយបារម្ភ ខណៈជម្លោះកំពុងរាលដាល ក្នុងតំបន់មជ្ឈិមបូព៌ា


(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃចន្ទ ទី២៣ ខែតុលានេះបានឱ្យដឹងថាទីក្រុងប៉េកាំងមើលឃើញថាស្ថានភាពនៅក្នុងតំបន់ហ្កាហ្សា កាន់តែមាន សភាពធ្ងន់ធ្ងរឡើង នៅចំពោះមុខហានិភ័យនៃសង្រ្គាមជើងគោកទ្រង់ទ្រាយធំ ​និងរាលដាលនៃជម្លោះប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន តាមរយៈការស្រង់សម្ដីរបស់បេសកជនពិសេសចិនទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា លោក Zhai Jun បានឱ្យដឹងថាផលប៉ះពាល់នៅក្នុងតំបន់ និងអន្តរជាតិគឺមានវិសាលភាពធំធេង ដ្បិតជម្លោះនៅតាមបណ្ដោយព្រំដែនរវាងអ៉ីស្រាអែល និងលីបង់ និងរវាងអ៉ីស្រាអែល និងស៊ីរី រាលដាលកាន់តែធំ ដែលនេះពិតជាគួរឱ្យព្រួយបារម្ភ។
លោក Zhai Jun បានអំពាវនាវសហគមន៍អន្តរជាតិបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចាត់វិធានការសកម្មភាពជាបន្ទាន់ ជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តយ៉ាង ម៉ឺងម៉ាត់តាមច្បាប់មនុស្សធម៌អន្តរជាតិ និងដើម្បីបញ្ចៀសរាល់មហន្តរាយមនុស្សធម៌ ខណៈចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងស្ថានការណ៍៕