ក្រុមហ៊ុនផលិតកង់រថយន្តដ៏ធំមួយរបស់ចិន ប្រកាសពិនិត្យលទ្ធភាពបើករោងចក្រផលិតសំបក​កង់រថយន្តនៅកម្ពុជា


(ចិន)៖ ថ្នាក់ដឹកនាំក្រុមហ៊ុន Wanli Tires ដែលជាក្រុមហ៊ុនផលិតសំបកកង់រថយន្តដ៏ធំមួយរបស់ចិន បានប្រកាសពិនិត្យលទ្ធភាពបើករោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា។ ការប្រកាសនេះ បានធ្វើ​ឡើងក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា។

បន្ទាប់ពីបញ្ចប់​បេសកកម្ម​អមដំណើរ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមវេទិកា «ខ្សែក្រវាត់​និង​ផ្លូវ» ហើយ​នោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មិនទាន់ត្រឡប់​មកកម្ពុជា​វិញ​នោះទេ។ លោកឧបនាយករដ្ឋមន្ត្រី កំពុងបន្តដំណើរចុះតាម​បណ្តាក្រុម​ហ៊ុនធំៗរបស់ចិន ដើម្បី​បញ្ចុះ​បញ្ចូល និងលើកទឹកចិត្តឱ្យពួកគេមកវិនិយោគនៅកម្ពុជា។

កាលពីថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី បានចុះទៅដល់ទីក្រុងហ្គងចូវ (Guangzhou) ហើយបានចុះបំពេញទស្សនកិច្ចនៅតាមក្រុមហ៊ុនជាច្រើនរបស់ចិន។ ក្នុងនោះលោក​ឧបនាយករដ្ឋមន្ត្រី បានជួបជាមួយលោក Jing Guangjun នាយករង និងជាប្រធានគ្រប់​គ្រងទូទៅ​ក្រុម​ហ៊ុន Guangzhou Industrial Investment Holdings Group ( GIIHG) ដែលជាសមាជិក​របស់​ក្រុមហ៊ុនដ៏ធំមួយរបស់ចិន និងនៅលើពិភពលោកផងដែរ។ ក្រុមហ៊ុននេះ មានក្រុមហ៊ុន Wanli Tires ដែលជាក្រុមហ៊ុនផលិតសំបកកង់រថយន្តជាបុត្រសម្ព័ន្ធផងដែរ។

ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីទំនាក់ទំនងដែកថែបរវាងកម្ពុជា-ចិន ដែលឆ្នាំ​នេះ ​​ជាខួបទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ក្នុងទិសដៅជំរុញ ឱ្យក្រុមហ៊ុន​​ចូលមក​វិនិ​យោគ​នៅកម្ពុជានោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកបង្ហាញ​ពីកំណើន​សេដ្ឋកិច្ច​របស់​កម្ពុជាក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ដែលកើនជាមធ្យម៧ភាគរយជារៀងរាល់ឆ្នាំ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មុនជួបការរាតត្បាតជំងឺកូវីដ១៩។

បន្ថែមពីលើនេះ ហេដ្ឋារចនាសម្ព័ន្ធពេញផ្ទៃប្រទេសបាននិងកំពុងអភិវឌ្ឍក្រោម​ការដឹកនាំ​របស់​សម្តេចធិប​តី ហ៊ុន ម៉ាណែត និងចាត់ទុកជាហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្រ្តដ៏សំខាន់សម្រាប់អ្នកវិនិយោគ។ ក្នុង​នោះ​មានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ត្រូវបានដាក់ឱ្យដំណើរការ និងកំពុងសាងសង់រួមមាន អាកាសយាន​ដ្ឋានថ្មីខេត្តសៀមរាប អាកាសយានដ្ឋានថ្មីរាជធានីភ្នំពេញ ការសិក្សាផ្លូវរថភ្លើង​ភ្នំពេញ​-ក្រុង​ព្រះសីហនុ ផ្លូវរថភ្លើងភ្នំពេញ-បោយប៉ែត និងគម្រោងពង្រីកកំពង់ផែទឹកជ្រៅជាដើម។ ក្រៅពីហេដ្ឋា​រច​នា​សម្ព័ន្ធ និងភាពរីកចម្រើនរបស់កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនក្រុមហ៊ុន ពីវិនិយោគិន​ដែលធ្លាប់ទទួលបានជោគជ័យ លើការដាក់បណ្ដាក់ទុនផលិតសំបកកង់រថយន្ត​នៅប្រទេស​កម្ពុជា​ផង​ដែរ។

បន្ទាប់បានស្តាប់ការពន្យល់របស់លោកឧបនាយករដ្ឋមន្ត្រីហើយនោះ លោកនាយករងក្រុមហ៊ុន បាន​សម្តែង​ការស្ងប់ស្ងែងចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចកម្ពុជា ពិសេសការស្ថាបនាហេដ្ឋា​រចនាសម្ព័ន្ធរូបវន្តជាច្រើន ដើម្បីគាំទ្រដល់ការអភិវឌ្ឍនៃសង្គមកម្ពុជា។ អាស្រ័យ ដោយមើល​ឃើញ​នូវ​ភាព​រីកចម្រើនជារួមរបស់កម្ពុជា និងតបតាមការលើកទឹកចិត្តរបស់លោកឧបនាយករដ្ឋមន្ត្រី ក្រុមហ៊ុនបាន​​សម្រេចចិត្តនឹងមកសិក្សាលម្អិត ដើម្បីបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា។
តាមរយៈការបង្ហាញឆន្ទៈយ៉ាងមុតមាំ របស់ក្រុមហ៊ុនក្នុងការសិក្សាបង្កើតរោងចក្រនៅកម្ពុជានេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបំណង​ជ្រើសរើស​យកប្រទេសកម្ពុជា វិនិយោគសាងសង់រោងចក្រផលិតសំបកកង់រថយន្ត។ លោកឧបនាយករដ្ឋមន្ត្រី ប្រកាសផ្តល់ការសម្របសម្រួលលើការសិក្សារបស់ក្រុមហ៊ុន ដើម្បីឱ្យក្រុមហ៊ុនចាប់ផ្តើមវិនិយោគ សាងសង់រោងចក្រ និងផលិតសំបកកង់រថយន្តនៅកម្ពុជា ឱ្យបានលឿនបំផុត។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនចិនដ៏ធំមួយ កំពុងដំណើរការផលិតសំបកកង់រថយន្តនៅកម្ពុជា​ផងដែរ។ រោងចក្រនោះ កំពុងដំណើរការច្រវាក់ផលិតរបស់ពួកគេនៅតំបន់សេដ្ឋកិច្ចពិសេសក្រុង​ព្រះ​សីហនុ៕