ទេសរដ្ឋមន្រ្តី ព្រុំ សុខា ចុះទៅពិនិត្យមើលដំណើរការសាងសង់អគាសិក្សាមួយខ្នងដែលបានផ្តល់ជូន សាលាបឋមសិក្សាភូមិល្អ


(ចិត្របុរី-ក្រចេះ)៖  ឯកឧត្តម ទេសរដ្ឋមន្រ្តី ព្រុំ សុខា រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងក្រុមការងារខេត្តក្រចេះ កាលពីពេលកន្លងទៅថ្មីៗ បានចុះទៅពិនិត្យមើលវឌ្ឍនភាព នៃដំណើរការ សាងសង់អគារសិក្សាមួយខ្នងមាន៥បន្ទប់ នៅក្នុងសាលាបឋមសិក្សាភូមិល្អ ស្ថិតនៅ ភូមិល្អ ឃុំ ចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

នៅពេលចុះត្រួតពិនិត្រក្រុមការងារបានសង្កេតឃើញថា អគារសិក្សាដែលកំពុងដំណើរការសាង សង់សម្រេចបានជាលទ្ធផលប្រមាណ៣០ភាគរយហើយមកដល់ពេលនេះ។ ក្នុងឱកាសនោះឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងគូសបញ្ជាក់ថា នៅក្នុងអំឡុងពេលនៃយុទ្ធនាការ ឃោសនាបោះឆ្នោតកាលពីខែកក្តដា ឆ្នាំ២០២៣នេះ រូបឯកឧត្តម ទេសរដ្ឋមន្រ្តី និងក្រុមការងារ ខេត្តក្រចេះដែលធ្លាប់បានសន្យាជាមួយប្រជាពលរដ្ឋនៅតំបន់ក្រីក្រមួយនេះបានរួមគ្នាផ្តួចផ្តើមរៀបចំពិធីបុណ្យផ្ការស្មីសាមគ្គីមួយដែលកៀងគរប្រមូលបច្ច័យដោយសទ្ធារជ្រះថ្លាបានចំនួនប្រាំបីម៉ឺនប្រាំពាន់ដុល្លារអាមេរិកគ្រប់គ្រាន់សម្រាប់ការកសាងអគារសាលាមួយខ្នងទំហំ១០ម៉ែត្រ x ៤០ម៉ែត្រ មាន ៥បន្ទប់។

ការរួមចំណែកជួយកសាងអគារសិក្សានេះឡើងគឺសំដៅបំពេញភាពខ្វះខាតអគារសិក្សាសម្រាប់សិស្សានុសិស្សនៅតំបន់ដាច់ស្រយាលមួយនេះ ក្រោយពេលដែលឯកឧត្តម ព្រុំ សុខា ដែលពេលនោះ ជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណ:និងក្រុមការងារបានមកដល់ទីនេះនៅចុងឆ្នាំ២០២០ ហើយ ពេលនោះភូមិល្អនេះក៏នៅមិនទាន់បានរៀបចំបង្កើតជាភូមិផ្លូវការសម្រាប់ការគ្រប់គ្រងរដ្ឋបាលនៅឡើយដែរ។ ពាក់ព័ន្ធនិងសាងសង់អគារសិក្សានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តីបានជម្រុញដល់ក្រុមជាង ដែលកំពុងតែធ្វើការសាងសង់អគារសិក្សានេះទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការសាងសង់ដោយ ការទទួលខុសត្រូវខ្ពស់ ទាំងបទដ្ឋានបច្ចេកទេស ទាំងគុណភាពល្អ និងរឹងមាំ តាមកម្រិតស្តង់ដារ បច្ចេកទេសឲ្យបានត្រឹមត្រូវមុននិងឈានដល់ការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃខាងមុខ។

សូមជម្រាបថាអគារសិក្សាមួយខ្នងនៅភូមិល្អ បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ពីខែកក្តដា ដោយប្រើរយៈពេលកសាង៦ខែ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅខែកុម្ភៈឆ្នាំ២០២៤ខាងមុខ ហើយការសាងសង់គឺអនុលោមតាមស្តង់ដាវិទ្យាល័យព្រះស៊ីសុវត្ថិរាជធានីភ្នំពេញដែលត្រូវចំណាយទឹកប្រាក់សម្រាប់ ការសាងសង់សរុបចំនួនប្រាំបីម៉ឺនប្រាំពាន់ដុល្លារអាមេរិក។

ក្នុងដំណើរចុះពិនិត្យការសាងសង់អគាសិក្សានៅសាលាបឋមសិក្សាភូមិល្អនេះ ឯកឧត្តម ទេសរដ្ឋ មន្រ្តី ព្រុំ សុខា ក៏បាននាំយកទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្ត សិរីមង្គល ហៅវត្តល្អ ក្នុងពិធីកាន់បិណ្ឌទី៩ជាមួយបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយដែលបានអញ្ជើញមក ក្នុងពិធីបុណ្យនៅពេលនោះដែរ។

បន្ទាប់ពីការពិនិត្យអគារសិក្សានិងចូលរួមកាន់បិណ្ឌរួចមក ឯកឧត្តម ទេសរដ្ឋមន្រ្តីបានអញ្ជើញទៅ សាកសួរសុខទុក្ខអ្នកគ្រូម្នាក់បង្រៀននៅសាលាបឋមសិក្សាល្អដែលសម្រាលបានកូនភ្លោះដែលកូនភ្លោះទាំងពីរនាក់នេះកំពុងសម្រាកព្យាបាលជម្ងឺជាទម្ងន់នៅមន្ទីពេទ្យបង្អែកខេត្តក្រចេះផងដែរ៕