មនុស្ស ២៩នាក់ស្លាប់ ក្នុងការវាយប្រហារលើជំរំជនភៀសខ្លួន នៅភាគខាងជើងមីយ៉ាន់ម៉ា

(យ៉ាងហ្គន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា មនុស្ស ២៩នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរង របួស នៅក្នុងការវាយប្រហារមួយរបស់កងទ័ពមីយ៉ាន់ម៉ាលើជំរំមួយ សម្រាប់ជនភៀសខ្លួននៅក្នុង តំបន់ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា។

ទីភ្នាក់ងារសារព័ត៌មាន AFP ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីអ្នកនាំពាក្យម្នាក់មកពីក្រុម ប្រដាប់អាវុធជនជាតិដើមភាគតិចកាជីន (Kachin)ដែលគ្រប់គ្រងតំបន់រងការវាយប្រហារខាងលើ បានឱ្យដឹងទៀតថាការវាយប្រហារនេះកើតមានឡើងនៅម៉ោងប្រហែល ១១៖៣០នាទីកាលពីយប់ ថ្ងៃចន្ទសប្ដាហ៍នេះ។

អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើងបានរកឃើញសាកសពមនុស្ស ២៩នាក់ ក្នុងនោះ មានទាំងកូនក្មេង និងមនុស្សចាស់…ចំណែក មនុស្ស ៥៦នាក់ផ្សេងទៀតបានរងរបួស»។ បើតាមអ្នកនាំពាក្យដដែលមិនទាន់មានការបញ្ជាក់ឱ្យច្បាស់ថាតើការវាយប្រហារនោះធ្វើឡើងដោយរបៀប ណានោះទេ ដ្បិតពួកគេមិនបានឮសំឡេងយន្ដហោះចម្បាំងនោះទេ ហើយបច្ចុប្បន្នពួកគេ កំពុងព្យាយាមកំណត់ថាតើយោធាមីយ៉ាន់ម៉ាបានប្រើប្រាស់ យន្ដហោះដ្រូន ក្នុងការវាយប្រហារលើ ជំរំជនភៀសខ្លួន ស្ថិតនៅក្បែរទីក្រុង ឡៃហ្សា (Laiza) នៅតាមបណ្ដោយព្រំដែនចិនឬក៏យ៉ាងណា? ប៉ុន្តែខាង យោធាមីយ៉ាន់ម៉ាមិនទាន់បានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ៕