(សេអ៊ូល)៖ តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែ តុលា ឆ្នាំ២០២៣ គឺ ក្រសួងការពារជាតិកូរ៉េខាងត្បូង បាន ឱ្យដឹងថានាវាផ្ទុកយន្ដហោះចម្បាំង អាមេរិកដើរដោយថាមពលនុយក្លេអ៊ែរ Ronald Reagan ត្រូវបាន រំពឹងថាអាចនឹងធ្វើដំណើរដល់ ហើយចូលចតនៅឯកំពង់ផែនៃទីក្រុងប៊ូសាន (Busan) ប្រទេសកូរ៉េខាងត្បូងក្នុងសប្ដាហ៍នេះ។
តាមការឱ្យដឹងពីក្រសួងការពារជាតិកូរ៉េខាងត្បូង នាវាផ្ទុកយន្ដហោះចម្បាំង Ronald Reagan គ្រោងនឹងធ្វើដំណើរទៅដល់ទីក្រុងកំពង់ផែប៊ូសាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយនឹងបន្តស្នាក់ នៅរហូតដល់ថ្ងៃទី១៦ ខែតុលា។ កាលពីឆ្នាំ២០២២ នាវាផ្ទុកយន្ដហោះចម្បាំង Ronald Reagan បានធ្វើដំណើរទៅដល់កូរ៉េខាងត្បូងជាលើកដំបូងក្នុងរយៈពេល ៤ឆ្នាំ ដោយមានការចូលរួមអម ដំណើរពីនាវាចម្បាំងជាច្រើនគ្រឿង ជាការបង្ហាញសាច់ដុំ យោធា និងបញ្ជូនសារទៅកាន់កូរ៉េខាង ជើង។
មុនការមកដល់របស់ Ronald Reagan កងទ័ពជើងទឹកកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានដឹក នាំការធ្វើសមយុទ្ធជើងទឹករួមគ្នា ជាមួយកងកម្លាំង ស្វ័យការពារជប៉ុន នៅក្នុងតំបន់ដែនទឹកក្បែរកោះ Jeju ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទម្សិលមិញ និងកំពុងបន្តនៅថ្ងៃអង្គារនេះទៀត៕