សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ពីលើហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃសុក្រ នេះ ថា ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នេះ គឺជាខួបលើកទី៤៥ឆ្នាំ នៃការឡើងកាន់អំណាចនៃរបប «កម្ពុជាប្រជាធិបតេយ្យ» ក្លែងក្លាយ ដែលបន្ទាប់មកបានក្លាយទៅជារបប «ប្រល័យពូជសាសន៍ប៉ុលពត» ឬហៅថា «របបខ្មែរក្រហម»។
សម្ដេចតេជោ ហ៊ុន សែន បន្តថា «ចំថ្ងៃនេះ កាលពី៤៥ឆ្នាំមុន គឺថ្ងៃដែលរបបអាវខ្មៅ បានបង្ខំប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញទាំងមូលឲ្យចាកចេញទៅតាមបណ្តាខេត្ត ហើយបន្ទាប់មកពួកគេបានជម្លៀសប្រជាពលរដ្ឋពីតាមបណ្តាខេត្តទៅកាន់ជនបទ និងបានបង្ខំឲ្យធ្វើការដូចគោក្របីទាំងយប់ទាំងថ្ងៃគ្មានថ្ងៃសម្រាក និងមិនបានជួបជុំក្រុមគ្រួសារឡើយ» ។
សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា« សិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាននៅក្នុងរបបយង់ឃ្នងនោះគឺគ្មានទេ។ សូម្បីតែស្លៀកពាក់ខោអាវ ក៏ពួកគេតម្រូវឲ្យស្លៀកពាក់តែខោអាវពណ៌ខ្មៅមួយពណ៌មួយកំប៉្លេគត់។ ក្រៅពីបង្ខំឲ្យធ្វើការគ្មានថ្ងៃសម្រាក របបព្រៃផ្សៃនេះ បានធ្វើទារុណកម្ម និងវាយកំទេចសម្លាប់ប្រជាពលរដ្ឋតាមអំពើចិត្តដោយចោទថាជាខ្មាំង។ នៅក្នុងសម័យនោះ គ្រប់យ៉ាងត្រូវបានបោះបង់ចោលរួមទាំង គេហដ្ឋាន សាលារៀន វត្តអារាម មន្ទីរពេទ្យ និងធនាគារជាដើម …។ ក្រោមការគ្រប់គ្រង នឹងដឹកនាំរបស់របបប៉ុលពតអស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ គឺបានធ្វើឲ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតអស់ជាង៣លាននាក់ ហើយនៅពេលនោះក៏គ្មានវត្តមានអង្គការសិទ្ធមនុស្ស ណាមកជួយប្រទេសកម្ពុជាដែរនៅក្នុងសម័យនោះ។
រលឹកទៅដល់របបដ៏ឃោឃៅនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងចងចាំរបបដឺព្រៃផ្សៃនេះ ហើយចូលរួមទប់ស្កាត់កុំអោយកើតឡើងសារជាថ្មីនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។អរគុណសន្តិភាព»៕