ភ្នំពេញ ៖ លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់នៅក្នុងសន្និសីទកាសែត នៅទីស្តីការគណៈរដ្ឋមន្ត្រីថា អាកាសព្រលានយន្តហោះភ្នំពេញថ្មី ដែលមានទីតាំងនៅលើទឹកដីខេត្តកណ្តាល និងតាកែវ នៅតែបន្ដដំណើរការសាងសងជាធម្មតា ដែលបច្ចុប្បន្នសម្រេចបានជាង ៣០ភាគរយ។
ក្នុងសន្និសីទសារ ព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល» ដែលរៀបចំដោយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ លោកឪ ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា អាកាសយានដ្ឋានភ្នំពេញថ្មី ដែលជាការវិនិយោគរបស់ក្រុមហ៊ុនចិន នៅតែបន្ដដំណើរការ ប៉ុន្តែល្បឿនយឺតជាងមុន ដោយសារជំនាញការជាជនជាតិចិន មិនទាន់វិលត្រលប់មកវិញនៅឡើយ ដោយសារវីរុសកូវីដ១៩។ មកដល់ពេលនេះ ការសាងសង់ អាកាសយានដ្ឋានភ្នំពេញថ្មីនេះបាន៣០ភាគរយហើយ។
តាមការគ្រោងទុក ដំណាក់កាលទី១ នៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ នឹងត្រូវបញ្ចប់មុនឆ្នាំ២០២២ ហើយនឹងអាចបញ្ចប់ទៅតាមការគ្រោងទុក។ នេះជាការបញ្ជាក់របស់ ក្រុមហ៊ុន OCIC ដែលជាអ្នកមានភាគហ៊ុនធំជាងគេ៕
ព្រលានយន្តហោះភ្នំពេញថ្មី ត្រូវបានបែងចែកជា២ ដំណាក់កាល ធំៗ ក្នុងនោះដំណាក់កាលទី១ ត្រូវបានព្យាករណ៍ថា នៅឆ្នាំ២០៣០ នឹងទទួលបានអ្នកដំណើរ១៣លាននាក់ ហើយដំណាក់កាលទី២ នៅឆ្នាំ២០៥០ នឹងទទួលបានអ្នកដំណើរ៣០លាននាក់។ គួរបញ្ជាក់ថា ព្រលានយន្តហោះថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាលបញ្ជាក់ថា នឹងសាងសង់លើផ្ទៃដីទំហំប្រមាណ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងប៉ះតំបន់មួយចំនួន ក្នុងស្រុកបាទី ខេត្តតាកែវ។ គម្រោងវិនិយោគនេះ រាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន១០ភាគរយ ហើយក្រុមហ៊ុនអនិកជន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ កាន់កាប់ភាគហ៊ុន៩០ភាគរយ ដោយគ្រោងវិនិយោគទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក ក្នុងនោះ ទឹកប្រាក់១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុមហ៊ុន OCIC និង២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី៕