ក្រសួង ស្នើឱ្យដាក់កម្មករ និយោជិត ត្រឡប់ពីចូលឆ្នាំនៅដាច់ដោយឡែក ១៤ថ្ងៃ

ក្រសួងសុខាភិបាលកម្ពុជា បានស្នើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយរោងចក្រ សហគ្រាស និងក្រុមហ៊ុននានាដាក់កម្មករ និយោជិត ដែលទៅស្រុកលេងចូលឆ្នាំរយៈពេល១៤ថ្ងៃ មុនឱ្យពួកគេចូលធ្វើការវិញ ដើម្បីបង្ការការចម្លងជំងឺ កូវីដ១៩។

ក្នុងលិខិត ឯ.ឧ. ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នេះ ផ្ញើជូនរដ្ឋមន្រ្តីក្រសួងការងារបានគូសបញ្ជាក់ថា កម្មករ និយោជិត ដែលត្រឡប់មកពីចូលឆ្នាំវិញ ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែកជាចាំបាច់ ហើយត្រូវតាមដានសុខភាពជាប្រចាំ។

លោក ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា វិធានការនេះធ្វើឡើង ដើម្បីកុំឱ្យមានការចម្លងរាតត្បាតជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។ ជាពិសេសការធ្វើដំណើរចល័តរបស់បុគ្គលពីកន្លែងមួយទៅកន្លែងមួយដែលមិនបានគោរពតាមបទបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលមានការសម្រុកចេញទៅស្រុកកំណើត។

យោងតាមក្រសួងការងារ បានឱ្យដឹងថា ក្នុងកំលុងពេលបុណ្យចូលឆ្នាំនេះ កម្មករ និយោជិត នៅក្នុងវិស័យវេយណភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបជាដើមទូទាំងប្រទេសរហូតដល់ទៅ៩៥ភាគរយ បានគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលនៅធ្វើការងារជាធម្មតាមិនមានឈប់សម្រាកនោះទេ៕