កម្ពុជា សម្ដែងការសោកស្ដាយ ចំពោះការផ្ទុះឡើងការប្រយុទ្ធគ្នានៅប្រទេសអ៉ីស្រាអែល និងអំពាវ នាវឱ្យសហគមន៍អន្តរជាតិ ស្វះស្វែងរកកិច្ចចរចា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេ បានសម្ដែងនូវសេចក្តីសោកស្ដាយជាពន់ ពេកចំពោះការផ្ទុះឡើងនូវការវាយប្រយុទ្ធគ្នានៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣នៅប្រទេសអ៉ីស្រា អែល។ ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងការបរទេសកម្ពុជា បាន ទទូចឱ្យសហគមន៍អន្តរជាតិ បង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីសម្របសម្រួលកិច្ចសន្ទនា និង កិច្ចចរចារប្រកបដោយអត្ថន័យ ឆ្ពោះទៅរកសន្តិភាពស្ថិតស្ថេរ និងប្រកបដោយយុត្តិធម៌។ ភាគីទាំងអស់ចាំបាច់ត្រូវចូលរួមក្នុងកិច្ចសន្ទនាស្ថាបនា សំដៅដោះស្រាយឬសគល់នៃជម្លោះ និង ស្វែងរកដំណោះស្រាយដែលគ្រប់ភាគីទាំងអស់អាចទទួលយកបាន។

ក្នុងសេចក្តីថ្លែងការណ៍នេះ ក្រសួងការបរទេស បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តោតអាទិភាព ចម្បងលើការស្វែងរកសន្តិភាព យុត្តិធម៌និងសន្តិសុខសម្រាប់ប្រជាជនទាំងអស់នៅក្នុងតំបន់។ គ្រប់ភាគីពាក់ព័ន្ធចាំបាច់ត្រូវចូលរួមធ្វើការ ជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយសន្តិវិធីដែល ធានាបាននូវសុខមាលភាព និងសុវត្ថិភាព សម្រាប់គ្រប់គ្នា។

ក្រសួងការបរទេសបានគូសរំលេចដែរថា ការកើនឡើងនូវអំពើហិង្សាដ៏គួរឱ្យរន្ធត់នេះ បានបណ្តាល ឱ្យប្រជាជនស្លូតត្រង់ រាប់រយនាក់បាត់បង់ជីវិត រួមទាំងនិស្សិតកម្ពុជាមួយរូបនៅក្នុងប្រទេស អ៊ីស្រាអែល។ ក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀម ក្រំចំពោះគ្រួសារនៃសព របស់ភាគីទាំងពីរដែលបានបាត់បង់មនុស្សជាទីស្រឡាញ់។

ដោយចាត់ទុកសុវត្ថិភាពរបស់ជនស៊ីវិលទាំងអស់ រួមទាំងប្រជាពលរដ្ឋកម្ពុជា ជាអាទិភាពចម្បង កម្ពុជាអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ អនុវត្តការអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងស្វែងរក មធ្យោបាយ នានាដើម្បីកាត់បន្ថយអំពើហិង្សា និងឆ្ពោះទៅរកបទឈប់បាញ់ ដោយផ្ដោតអាទិភាព លើការការ ពារអាយុជីវិតជនស៊ីវិល និងការគោរពខ្ជាប់ខ្ជួននូវច្បាប់មនុស្សធម៌អន្តរជាតិ។ កម្ពុជា សូមថ្កោល ទោសគ្រប់ទម្រង់នៃអំពើហិង្សា និងសកម្មភាពភេរវកម្ម៕