អ៉ីស្រាអែលអះអាងថា ក្រុមហាម៉ាស់ជាង៤០០នាក់ស្លាប់ ហើយខាងខ្លួនឯងផ្ទាល់ ក៏មានជាង៣៥០នាក់ស្លាប់ផងដែរ ខណៈអ្នករបួសទាំងសងខាងគឺជិត៤,០០០នាក់


(ហ្សេរុយសាឡឹម)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៨ ខែ តុលា ឆ្នាំ២០២៣ អោយដឹងថា កងកម្លាំងការពារជាតិអ៉ីស្រាអែល បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា កងទ័ពរបស់ខ្លួនបានផ្តាច់ជីវិតជនសកម្មប្រយុទ្ធប៉ាឡេស្ទីន ​សរុបចំនួន៤០០នាក់ ទាំងនៅភាគខាង ត្បូងអ៉ីស្រាអែល និងនៅតំបន់ Gaza Strip ហើយថែមទាំងចាប់ខ្លួនបានប៉ុន្មាននាក់ទៀតផង ក្នុង​ការប្រយុទ្ធគ្នាដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ និងកំពុងតែបន្តប្រព្រឹត្តទៅ។

អ្នកនាំពាក្យយោធាអ៉ីស្រាអែល បាននិយាយក្នុងសន្និសីទសារព័ត៌មានថា អ្នកប្រយុទ្ធរបស់ក្រុម ប៉ាឡេស្ទីន Hamas ចំនួនជាង៤០០នាក់ ត្រូវបានសម្លាប់ ក្នុងអំពើហិង្សាដែលកំពុងបន្តប្រព្រឹត្តទៅ នៅភាគខាងត្បូងប្រទេសអ៉ីស្រាអែល និងនៅតំបន់ Gaza ដែលជាមូលដ្ឋានរបស់ក្រុម Hamas។​ អំពើហិង្សាថ្មីចុងក្រោយបំផុតនេះ ត្រូវបានចាប់ផ្តើមឡើង ដោយការឆ្មក់វាយប្រហារទ្រង់ទ្រាយធំ សម្បើមពុំធ្លាប់មានរបស់ក្រុម Hamas ទៅលើអ៉ីស្រាអែល កាលពីថ្ងៃសៅរ៍។

បើតាមអ្នកនាំពាក្យខាងលើ បេសកកម្មចម្បងរបស់យោធាអ៉ីស្រាអែល នាពេលនេះ គឺធ្វើយ៉ាងណា ជម្លៀសប្រជាជនទាំងអស់ចេញពីក្រុងនានា ដែលនៅក្បែរព្រំប្រទល់តំបន់ Gaza, បញ្ចប់ការប្រយុទ្ធ គ្នានៅក្នុងទឹកដីអ៉ីស្រាអែល, គ្រប់គ្រងកន្លែងធ្លុះធ្លាយនៃរនាំងសន្តិសុខ ហើយ​បន្តប្រតិបត្តិការវាយ ប្រហារសងសឹក ទៅលើទីតាំងរបស់ក្រុម Hamas នៅតំបន់ Gaza៕