(បាងកក)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា នាយករដ្ឋមន្រ្តីថៃ បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា ជនជាតិថៃ២នាក់ បានបាត់បង់ជីវិត ក្នុងការផ្ទុះអំពើហិង្សារវាងកងកម្លាំងរបស់អ៉ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ ប៉ាឡេស្ទីន Hamas នាចុងសប្តាហ៍នេះ។
នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៉ីន បានបង្ហោះសារលើបណ្តាញសង្គមឱ្យដឹងថា រូបលោក ទទួលបានរបាយការណ៍ពីឯកអគ្គរាជទូតថៃ ប្រចាំនៅទីក្រុងតែលអាវីវនៃប្រទេសអ៉ីស្រាអែលថា ពលរដ្ឋថៃចំនួន២នាក់បានស្លាប់ ដោយសារអំពើហិង្សារវាងអ៉ីស្រាអែល និងក្រុម Hamas ដែលបានផ្ទុះឡើងភ្លាមៗកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ លោក សេដ្ឋា មិនបានចែករំលែកខ្លឹមសារលម្អិត អ្វីទៀតឡើយ ប៉ុន្តែលោកបានបន្ថែមថា ខាងក្រសួងការបរទេសថៃ កំពុងធ្វើការដើម្បីជម្លៀសជនជាតិថៃ ចេញពីអ៉ីស្រាអែល។
គួរបញ្ជាក់ថា អំពើហិង្សានាចុងសប្តាហ៍នេះ បានបណ្តាលឱ្យមនុស្សរាប់រយនាក់ស្លាប់ និងរាប់ពាន់ នាក់រងរបួស សរុបទាំងនៅអ៉ីស្រាអែល និងនៅតំបន់ Gaza ដែលគ្រប់ដោយដោយក្រុម Hamas។ មកទល់ថ្ងៃអាទិត្យនេះ ភាគីទាំងសងហាក់ខាងកំពុងបន្តប្រយុទ្ធគ្នាដដែល។ វាគឺជាការកើនឡើងខ្លាំងភ្លាមៗ នៃភាពតានតឹងក្នុងជម្លោះរាប់ទសវត្សរ៍មកហើយ រវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន។ ក្រុម Hamas បានបាញ់ស្រោចរ៉ុក្កែតរាប់ពាន់គ្រាប់ និងបញ្ជូនខ្មាន់កាំភ្លើងឆ្លង ព្រំដែនចូលអ៉ីស្រាអែល ក្នុងការវាយប្រហារទ្រង់ទ្រាយធំនិងដ៏ភ្ញាក់ផ្អើលមួយ ខណៈយោធាអ៉ី ស្រាអែល បាននិងកំពុងវាយប្រហារសងសឹកទៅវិញលើតំបន់ Gaza៕