ក្រសួងទេសចរណ៍ ពិភាក្សាជាមួយផ្នែកឯកជននៅខេត្តសៀមរាប ដើម្បីប្រមូលធាតុចូល និងដំណោះ ស្រាយរួម ចំពោះវិស័យទេសចរណ៍ជាតិ


(សៀមរាប)៖ ក្រសួងទេសចរណ៍ បានរៀបចំកិច្ចពិភាក្សាការងារជាមួយផ្នែកឯកជន ក្នុងវិស័យ ទេសចរណ៍ខេត្តសៀមរាប ដើម្បីប្រមូលធាតុចូលអំពីបញ្ហា ប្រឈម និងសំណូមពររបស់ប្រតិបត្តិ ករទេសចរណ៍ ក៏ដូចជាតម្រូវការជាក់ស្ដែងរបស់ទេសចរជាតិ និងអន្តរជាតិ ធ្វើយ៉ាងណារិះរកវិធី សាស្រ្ត និងដំណោះស្រាយរួមគ្នា ចំពោះវិស័យទេសចរណ៍ជាតិ។

សកម្មភាពនេះ ក៏ធ្វើឡើងដើម្បីរួមគ្នារៀបចំជារបាយការណ៍លម្អិតដាក់ ជូនប្រមុខរាជរដ្ឋាភិបាល នាឱកាសវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។

កិច្ចពិភាក្សាការងារនៅខេត្តសៀមរាបនេះដែរគឺធ្វើឡើងនាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតី ភាព ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីលោកអភិបាលរង ខេត្តសៀមរាប ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ក្នុងខេត្តសៀមរាបសរុបប្រមាណជាង២៥០រូប។

ឯកឧត្តម រដ្ឋមន្ត្រីបានឱ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ចេញយន្តការឆ្លើយតប រាល់តម្រូវការរបស់ ប្រជាពលរដ្ឋ ជាពិសេសសម្រាប់វិស័យទេសចរណ៍កម្ពុជា ពិសេសគឺបានដាក់ចេញនូវគោលនយោ បាយ យុទ្ធសាស្រ្ត និងវិធានការអន្តរាគមន៍សំខាន់ៗ សំដៅស្ដារកំណើនទេសចរណ៍កម្ពុជាក្រោយ វិបត្តិជំងឺកូវីដ-១៩។

ឯកឧត្តម រដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីពីការដាក់ឱ្យអនុវត្តគំនិតផ្ដួចផ្ដើមយុទ្ធសាស្ត្ររួម ក្នុងការ ប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និង បរិយាបន្ន ដោយផ្ដោតលើសសរស្ដម្ភយុទ្ធសាស្ត្រ ទាំង៥ ហៅកាត់ថា “បង្កើន៥-BUILD” និងការងារ គាំទ្រអាទិភាពចំនួន៣ ហៅកាត់ថា “អភិវឌ្ឍន៍៣ -3Ds”។

ឯកឧត្តម រដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារៈសំខាន់ និងភាពចាំបាច់នៃភាពជាដៃគូ រដ្ឋ-ឯកជន-ប្រជា ពលរដ្ឋ-ដៃគូអភិវឌ្ឍន៍ (4Ps) ក្នុងការរួបរួមគ្នាពង្រឹងការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងបរិបទនៃ ស្ថានភាពប្រឈមផ្នែកសេដ្ឋកិច្ច ភូមិសាស្រ្តនយោបាយ និងការធ្វើដំណើរជាអន្តរជាតិរបស់ ទេសចរ។ អង្គពិធីបានប្រមូលធាតុចូលអំពីបញ្ហា ប្រឈម និងសំណូមពររបស់ប្រតិបត្តិករទេស ចរណ៍ក្នុងខេត្តសៀមរាប ក៏ដូចជាតម្រូវការជាក់ស្ដែងរបស់ទេសចរជាតិ និងអន្តរជាតិ ដើម្បីរិះរកវិធី សាស្រ្ត និងដំណោះស្រាយរួមគ្នា និងឈានទៅរៀបចំជារបាយការណ៍លម្អិតដាក់ ជូនរាជរដ្ឋាភិ បាលនាឱកាសវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ខាងមុខ។

ទន្ទឹមនេះ តំណាងស្ថាប័នពាក់ព័ន្ធក៏បានចូលរួមមតិយោបល់ ជាធាតុចូលសំខាន់ៗ គាំទ្រដល់ការ ពង្រឹងការអភិវឌ្ឍផលិតផលទេសចរណ៍ ការផ្សព្វផ្សាយទេសចរណ៍ និងគុណភាពទេសចរណ៍។

ឯកឧត្តម រដ្ឋមន្រ្តី អង្គភាពពាក់ព័ន្ធ សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ បាន ប្តេជ្ញាចិត្តរួមគ្នាបង្កើនកិច្ចសហការបន្ថែម ដើម្បីជំរុញភាពប្រកួតប្រជែង និរន្តរភាព និងបរិយាបន្ន នៃវិស័យទេសចរណ៍ខេត្តសៀមរាប ពិសេសចូលរួមផ្សព្វផ្សាយរួមគ្នា ក្នុងនាមខ្មែរតែមួយសម្រាប់ វិស័យទេសចរណ៍កម្ពុជា៕