(កៀវ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៩ នាក់ ក្នុងនោះ មានទាំងកុមារអាយុ ៦ ឆ្នាំម្នាក់ផងដែរ ខណៈដែលពួកគេបានប្រមូលផ្តុំគ្នានៅក្នុងហាងកាហ្វេមួយ សម្រាប់ពិធីរំលឹកវិញ្ញាណក្ខន្ធនៅក្នុងភូមិមួយនៅភាគឦសានប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍។ អភិបាលតំបន់ លោក Oleh Sinyhopov បាននិយាយថា ហាងកាហ្វេ និងហាងមួយត្រូវបានបំផ្ទុះ នៅពេលរសៀលនាថ្ងៃព្រហស្បតិ៍នេះ នៅក្នុងភូមិ Haruzha ក្នុងតំបន់ Kharkiv ដោយបន្ថែមថា មានជនស៊ីវិលជាច្រើនមានវត្តមាននៅទីនោះ នាពេលនោះ។រដ្ឋមន្ត្រីមហាផ្ទៃ លោក Ihor Klimenko បាននិយាយថា អ្នកស្រុកនៅក្នុងភូមិតូចមួយដែលមានប្រជាជនប្រហែល ៣៣០ នាក់ កំពុងប្រារព្ធ ពិធីរំលឹកវិញ្ញាណក្ខន្ធនៅក្នុងហាងកាហ្វេ ដែលត្រូវបានទម្លាក់គ្រាប់បែក។
លោកបានប្រាប់ទូរទស្សន៍អ៊ុយក្រែនដូច្នេះថា «ពីគ្រប់ក្រុមគ្រួសារ ពីគ្រប់ផ្ទះ មានសមាជិកវត្តមាន ក្នុងពិធីនេះ។ នេះជាសោកនាដកម្មដ៏គួរឱ្យភ័យខ្លាច»។ លោកបាននិយាយទៀតថា ភ្លាមៗនេះវា មិនច្បាស់ទេថា តើកងកម្លាំងរុស្ស៊ីបានទម្លាក់គ្រាប់បែក ឬបានបាញ់មីស៊ីលនោះទេ។
លោក Klimenko បានសង្កត់ធ្ងន់ថា វាច្បាស់ណាស់ថា ការវាយប្រហារនេះត្រូវបានកំណត់គោលដៅ យ៉ាងច្បាស់លាស់ ហើយសេវាសន្តិសុខអ៊ុយក្រែន បានបើកការស៊ើបអង្កេតលើបញ្ហានេះ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលកំពុងចូលរួមកិច្ចប្រជុំកំពូលជាមួយ មេដឹកនាំអឺរ៉ុបក្នុងប្រទេសអេស្ប៉ាញ បានសរសេរនៅប្រព័ន្ធទំនាក់ទំនងសង្គមថា «អំពើភេរវកម្មរបស់ រុស្ស៊ីត្រូវតែត្រូវបានបញ្ឈប់…ឥឡូវនេះយើងកំពុងនិយាយជាមួយមេដឹកនាំអឺរ៉ុប ជាពិសេសអំពីការ ពង្រឹងការការពារដែនអាកាសរបស់យើង ការពង្រឹងទាហានរបស់យើង និងការផ្តល់ការការពារ សម្រាប់ប្រទេសរបស់យើង ប្រឆាំងនឹងអំពើភេរវកម្ម»។
ទោះជាយ៉ាងណា ទីក្រុងមូស្គូមិនបានធ្វើអត្ថាធិប្បាយភ្លាមៗអំពីព្រឹត្តិការណ៍នៅភូមិ Hruza ខាងលើ នេះទេ។ ទីក្រុងមូស្គូតែងតែបានបដិសេធចេតនា នូវរាល់ការកំណត់គោលដៅលើជនស៊ីវិល ខណៈ ដែលមនុស្សជាច្រើនត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដែលផ្តោតលើតំបន់លំនៅដ្ឋាន ក៏ដូច ជាកន្លែងថាមពល និងកំពង់ផែគ្រាប់ធញ្ញជាតិ និងកន្លែងផ្សេងៗទៀត៕