(ម៉ាឌ្រីដ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ អោយដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់អឺរ៉ុប ក្នុងការកសាងគោលដៅភូមិ សាស្ត្រនយោបាយរួម បានទទួលរងនូវការវាយប្រហារថ្មីមួយនៅថ្ងៃព្រហស្បតិ៍នេះ នៅពេលដែល ប្រទេសតួកគី និងអាស៊ែបៃហ្សង់បានរំលងកិច្ចប្រជុំកំពូលមួយ ខណៈដែលភាពតានតឹងបានកើន ឡើងជុំវិញជម្លោះតំបន់ Nagorno-Karabakh។
មេដឹកនាំអឺរ៉ុបជាច្រើននាក់ មកពីសហភាពអឺរ៉ុប និងរដ្ឋសមាជិកណាតូ ក៏ដូចជាប្រទេសជិតខាងរបស់ ពួកគេ បានប្រមូលផ្តុំគ្នានៅទីក្រុង Granada នៃប្រទេសអេស្ប៉ាញ សម្រាប់កិច្ចប្រជុំកំពូលទីបី នៃសហគមន៍នយោបាយអឺរ៉ុប។
ប៉ុន្តែប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan និងមេដឹកនាំអាស៊ែបៃហ្សង់ លោក Ilham Aliyev ដែលជាសម្ព័ន្ធមិត្ត មិនបានចូលចូលរួមកិច្ចប្រជុំនោះទេ ដែលធ្វើឲ្យប៉ះពាល់ដល់កិច្ច ខិតខំប្រឹងប្រែង ដើម្បីដោះស្រាយវិបត្តិសន្តិសុខចុងក្រោយបង្អស់របស់អឺរ៉ុប។
មេដឹកនាំអឺរ៉ុបបានសង្ឃឹមថា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកដំបូងរបស់លោក Aliyev ជាមួយ នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan ចាប់តាំងពីអាស៊ែបៃហ្សង់បានកាន់កាប់តំបន់ដាច់ ខ្លួន Nagorno-Karabakh ដែលបានបង្កឱ្យមានការភៀសខ្លួនជនស៊ីវិលជនជាតិអាមេនី។
កិច្ចប្រជុំនៃមេដឹកនាំទាំងពីរ នឹងត្រូវចូលរួមដោយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ប្រធានាធិបតីបារាំង លោក Emmanuel Macron និង លោក Olaf Scholz របស់អាល្លឺម៉ង់ ប៉ុន្តែ Azerbaijan បានច្រានចោលទម្រង់នេះ ដោយចោទប្រកាន់អឺរ៉ុបថា មានភាពលម្អៀង។
គួរបញ្ជាក់ថា តំបន់ Nagorno-Karabakh ដែលស្ថិតក្នុងប្រទេសអាស៊ែបៃហ្សង់ គឺត្រូវអន្តរជាតិ ទទួលស្គាល់ជា ទឹកដីរបស់អាស៊ែបៃហ្សង់ ប៉ុន្តែសម្បូរដោយជនជាតិអាមេនីរស់នៅ សរុបប្រមាណ ១២០,០០០នាក់។ Nagorno-Karabakh បានប្រកាសខ្លួនឯងជាតំបន់ផ្តាច់ខ្លួន តាំងតែពីឆ្នាំ ១៩៩១មក៕