(អារ៉ាប៊ីសាអូឌីត)៖ ឯកឧត្តម ប៉ា វង្សវិចិត្រ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី១ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត វិសាមញ្ញលើកទី៤ របស់សហភាពប្រៃសណីយ៍សកល នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។
មហាសន្និបាតវិសាមញ្ញនេះ មានការចូលរួមពីថ្នាក់ដឹកនាំប្រទេសសមាជិក និងប្រតិបត្តិករប្រៃ សណីយ៍ជាតិ និងឯកជន មកពី ១៩២ប្រទេស។
ក្នុងឱកាសមហាសន្និបាតវិសមញ្ញនេះ ប្រធានបទសំខាន់មួយ ដែលត្រូវបានលើកយកពិភាក្សា គឺ ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគី ដើម្បីពង្រីកវិស័យប្រៃសណីយ៍កាន់តែទូលំទូលាយ (WPSPs) ដែល រួមមានក្រុមហ៊ុនឯកជន និងអង្គការដៃគូនៅខាងក្រៅបណ្តាញរបស់សហភាព ប្រៃសណីយ៍សកល (UPU) ជាពិសេសការប្រើឌីជីថលជាជំនួយ ដើម្បីធានាបាននូវសេវាកម្ម ប្រកបដោយប្រសិទ្ធភាពជាសកល។
ទន្ទឹមនឹងនេះ ប្រទេសសមាជិកក៏បានពិនិត្យមើលវិធីសាស្រ្ត ក្នុងការអភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុ ប្រៃសណីយ៍ ផងដែរ។ សំណើដែលបានលើកឡើង បានពិភាក្សាទៅលើការស្វែងរកដំណោះស្រាយ លើបញ្ហាប្រឈមនានា ដែលទាក់ទងនឹងការផ្លាស់ប្តូរទីផ្សារយ៉ាងឆាប់រហ័ស និងដើម្បីពង្រីកតួនាទី របស់វិស័យប្រៃសណីយ៍ ក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុសកល សម្រាប់មនុស្សជាងមួយពាន់ លាននាក់ ដែលមិនបានប្រើប្រាស់សេវាកម្មធនាគារ។
មហាសន្និបាតវិសាមញ្ញនេះ
ក៏បានពិភាក្សាបន្ថែមដោយឈរលើមូលដ្ឋានសេចក្តីសម្រេច មហាសន្និ បាតលើកទី២៧
នៅក្រុងអាប៊ីហ្សង់ ប្រទេសកូតឌីវ័រ ឆ្នាំ២០២១ ដែលផ្តោតលើសកម្មភាពការការ ពារអាកាសធាតុ
ក្នុងវិស័យប្រៃសណីយ៍។
ប្រទេសសមាជិក ក៏បានពិនិត្យឡើងវិញនូវសំណើសម្រាប់គោលដៅអនុវត្ត
កាត់បន្ថយការបំភាយ ឧស្ម័នដោយស្ម័គ្រចិត្ត និងការប្តេជ្ញាលើការដាក់ចេញសកម្មភាព
ដោះស្រាយបញ្ហាអាកាសធាតុ គំនិតផ្តួចផ្តើមការកសាងសមត្ថភាព
និងឱកាសក្នុងកិច្ចសហប្រតិបត្តិការជាមួយ WPSPs ដើម្បីរក ដំណោះស្រាយ
បញ្ហាអាកាសធាតុ។
ទន្ទឹមនឹងនេះ UPU ក៏បានបើកកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រឆ្នាំ២០២៣ នៅក្នុងឱកាសនៃមហាសន្និ បាទនេះផងដែរ ដោយមានវត្តមានពីថ្នាក់ដឹកនាំជាន់ខ្ពស់ដូចជា៖ រដ្ឋមន្ត្រី ប្រធាននិយ័តករប្រៃ សណីយ៍ និងនាយកប្រតិបត្តិប្រៃសណីយ៍ ដើម្បីពិភាក្សាអំពី «មនុស្ស គោលបំណង និងវឌ្ឍនភាព៖ ជំពូកថ្មីសម្រាប់វិស័យ ប្រៃសណីយ៍»។
ក្នុងឱកាសនោះដែរ គណៈប្រតិភូ ក.ប.ទ. ក៏បានជួបពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូប្រទេស ជប៉ុន ដែលដឹកនាំដោយ លោក Takeuchi អនុរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍ប្រទេស ជប៉ុន។
នៅក្នុងជំនួបនេះ ឯកឧត្តម ប៉ា វង្សវិចិត្រ និងលោក Takeuchi បានសម្តែងសេចក្តីរីករាយ ចំពោះ ការចេញផ្សាយតែមប្រិ៍ប្រៃសណីយ៍រួមគ្នា ដើម្បីអបអរសាទរខួបលើកទី៧០ នៃកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ជប៉ុន និងការចូលរួមចំណែករបស់ប្រទេសជប៉ុន ក្នុងការជួយអភិវឌ្ឍវិស័យប្រៃសណីយ៍ នៅកម្ពុជា។
សូមជម្រាបថា សហភាពប្រៃសណីយ៍សកល (UPU) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៧៤ បច្ចុប្បន្ន មានសមាជិកចំនួន ១៩២ប្រទេស។ សហភាពនេះបានដើរតួនាទីជាវេទិកា សម្រាប់កិច្ចសហប្រតិ បត្តិការរវាង តួអង្គទាំងអស់ក្នុងវិស័យប្រៃសណីយ៍ ដោយធានានូវបណ្តាញសកលមួយសម្រាប់ ផលិតផល និងសេវាប្រៃសណីយ៍ តាមរយៈការបំពេញមុខងារជាអ្នកប្រឹក្សាយោបល់ សម្របសម្រួល ទំនាក់ទំនង និងការផ្តល់ជំនួយបច្ចេកទេស។
សហភាពនេះក៏បានកំណត់បទប្បញ្ញត្តិនានា ដើម្បីផ្លាស់ប្តូរបញ្ញើ និងផ្តល់អនុសាសន៍សម្រាប់ជំរុញ កំណើននៃបរិមាណបញ្ញើ និងសេវាប្រៃសណីយ៍ហិរញ្ញវត្ថុ ព្រមទាំង លើកកម្ពស់គុណភាពសេវា សម្រាប់អ្នកប្រើប្រាស់៕