សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ទាំងសុវត្ថិភាពចរាចរណ៍ និងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបើកបរមានការប្រុងប្រយ័ត្នខ្ពស់បំផុតទាំងសុវត្ថិភាពចរាចរណ៍ និងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន។

សម្តេចបានផ្ញើសារថា «ដោយសារថ្ងៃនេះអាចមានអ្នកធ្វើដំណើរច្រើនតាមដងផ្លូវ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកបើករថយន្តតាក់ស៊ី និងរថយន្តដឹកទំនិញធំៗ សូមបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។»

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានយោគយល់ដល់ការដាក់បម្រាមមិនអោយធ្វើដំណើរឆ្លងកាត់ខេត្តបណ្តោះអាសន្នរយៈពេលខ្លីផងដែរ។

សូមរំលឹកថា នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមេសា នេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចប្រកាសបិទបញ្ចប់ការដាក់កំហិតការធ្វើចរាចរណ៍ឆ្លងខេត្ត ក្រុង ទូទាំងប្រទេស ដោយបានអនុញ្ញាតឱ្យពលរដ្ឋទាំងអស់អាចធ្វើចរាចរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយបានជាធម្មតាឡើងវិញ ចាប់ពីម៉ោង៦:០០នាទីព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នេះតទៅ៕