លោក ពូទីន នឹងធ្វើដំណើរទៅកៀហ្ស៉ីស៉ីស្ថាននាសប្តាហ៍ក្រោយ ដែលជាទស្សនកិច្ចក្រៅប្រទេស លើកដំបូង ចាប់តាំងពីតុលាការ ICC ចេញដីកាចាប់ខ្លួន

(ប៊ីស្កេក)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ ២០២៣ អោយដឹងថា ប្រធានាធិបតីរុស្ស៉ីលោក វ៉ា្លឌីមៀ ពូទីន នឹងធ្វើដំណើរទៅកាន់ប្រទេស កៀហ្ស៉ីស៉ីស្ថាននាសប្តាហ៍ក្រោយ ក្នុងដំណើរទស្សនកិច្ច​ក្រៅប្រទេសជាលើកដំបូងបង្អស់ គិត ចាប់តាំងពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនរូបលោក។

ទីភ្នាក់ងារព័ត៌មានកៀហ្ស៉ីស៉ីស្ថាន Kabar ដែលផ្អែកលើប្រភពពីមន្រ្តីនៅក្នុងការិយាល័យរបស់ ប្រធានាធិបតីប្រទេសអាស៉ីកណ្តាលមួយនេះ បានរាយការណ៍ថា «តបទៅតាមការអញ្ជើញរបស់ ប្រធានាធិបតីកៀហ្ស៉ីស៉ីស្ថាន លោក សាឌៀ ហ្សាប៉ារ៉ូវ (Sadyr Japarov) នៅថ្ងៃទី១២ ខែតុលា ប្រធានាធិបតីនៃសហព័ន្ធរុស្ស៉ី នឹងបំពេញទស្សនកិច្ចផ្លូវការមកកាន់ប្រទេសរបស់យើង»។ បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី លោក ពូទីន នឹងធ្វើទស្សនកិច្ចទៅកាន់ មូលដ្ឋានទ័ពអាកាសរុស្ស៉ី មួយកន្លែង ស្ថិតក្នុងទីក្រុង Kant ដែលនៅភាគខាងកើតរដ្ឋធានី Bishkek សម្រាប់​ឱកាសគម្រប់ ខួប២០ឆ្នាំ នៃការបើកមូលដ្ឋានយោធានោះ៕