រុស្ស៉ីនិយាយថា ជប៉ុនមិនបានផ្តល់ព័ត៌មានពេញលេញអំពីទឹកវិទ្យុសកម្ម ដែលបង្ហូរចូលទឹកសមុទ្រ នោះទេ


 (មូស្គូ)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៤ ខែតុលា​ ឆ្នាំ២០២៣ ប្រាប់អោយដឹងថា ប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃពុធ (ទី៤ ខែតុលា) ថា ប្រទេសជប៉ុន បានបរាជ័យក្នុងការផ្តល់ព័ត៌មានពេញលេញ អំពីទឹកសំណល់ដែលបង្ហូរចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ទោះបីជាមានការស្នើសុំម្តងហើយម្តងទៀតពីទីក្រុងមូស្គូ និងទីក្រុងប៉េកាំងក៏ដោយ។

ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានចម្រាញ់ចេញពីរោងចក្រហ្វូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីខែសីហាកន្លងទៅ ហើយត្រូវបានរងការរិះគន់យ៉ាងខ្លាំង ដោយប្រទេសចិនដែលបានហាមឃាត់ភ្លាមៗនូវការនាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសជប៉ុន។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា «យើង និងចិន បានជំរុញម្តងហើយម្តងទៀតឱ្យភាគីជប៉ុនបង្ហាញតម្លាភាព និងផ្តល់ឱ្យប្រទេសដែលពាក់ព័ន្ធទាំងអស់ នូវព័ត៌មានទាំងអស់ដែលទាក់ទងនឹងការបញ្ចេញទឹកចេញ ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា» ។ លោកស្រី Zakharova បាននិយាយទៀតថា «ប្រទេសជប៉ុនមិនបានធ្វើដូច្នេះទេ…ប្រទេស ជប៉ុនបានបរាជ័យក្នុងការឆ្លើយតបយ៉ាងត្រឹមត្រូវចំពោះបញ្ហាទាំងនេះ និងដើម្បីធានាថាគ្មានការ គំរាមកំហែង រួមទាំងការគំរាមកំហែងរយៈពេលវែងផងដែរ»